មនុស្សយ៉ាងហោចណាស់ ១០ នាក់ស្លាប់ និងជាង ១៥នាក់ទៀតរងរបួស បន្ទាប់ពីរថយន្តដឹកទំនិញមួយគ្រឿង បានក្រឡាប់ ធ្លាក់ចូលទៅក្នុងជ្រលងភ្នំជម្រៅ ៥០ម៉ែត្រ កាលពីព្រឹកថ្ងៃពុធ នៅក្នុងស្រុក Uttara Kannada នៃខេត្ត Karnataka ប្រទេសឥណ្ឌា ។
គ្រោះថ្នាក់នេះ បានកើតឡើងនៅជិតភូមិ Gullapur ជាប់ផ្លូវជាតិលេខ ៦៣ ខណដែលរថយន្តខាងលើ កំពុងធ្វើដំណើរឆ្ពោះទៅផ្សារ Kumta ពីភូមិ Savanur ដើម្បីលក់បន្លែ។
ប៉ូលិស ដាក់ការសង្ស័យថាមានមនុស្សជាង ៣០ នាក់នៅលើរថយន្តនោះ ហើយភាគច្រើនជាអ្នកមកពីភូមិ Savanur នៃស្រុក Haveri។
អ្នករងរបួស ភ្លាមៗត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិតនោះ ផងដែរ៕
ដោយ៖ ពេជ្រ