លោក Trump ប្រកាស​បទ​ឈប់​បាញ់​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់

អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានឈានដល់កិច្ចព្រមព្រៀងមួយ ដែលធានាបាននូវការដោះលែងចំណាប់ខ្មាំងទាំងអស់ ដែលកាន់កាប់ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ នេះបើតាមការប្រកាសរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ។

លោក Trump បានបង្ហោះនៅលើវេទិកា TruthSocial របស់គាត់កាលពីថ្ងៃពុធថា យើងមានកិច្ចព្រមព្រៀងមួយសម្រាប់ចំណាប់ខ្មាំងនៅមជ្ឈិមបូព៌ា ហើយពួកគេនឹងត្រូវបានដោះលែងឆាប់ៗនេះ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានឲ្យដឹងថា កិច្ចព្រមព្រៀងដែលបានអនុម័តក្នុងប្រទេសកាតា ពាក់ព័ន្ធនឹងបទឈប់បាញ់រយៈពេល ៤២ ថ្ងៃ និងការដោះដូរអ្នកទោស រួមទាំងជនជាតិអ៊ីស្រាអែលទាំងអស់ដែលត្រូវបានចាប់ជាឈ្លើយនៅក្នុងការលុកលុយរបស់ពួកហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ពីហ្គាហ្សា។ 

លោក Trump បានបន្ថែមថា កិច្ចព្រមព្រៀងបទឈប់បាញ់ EPIC នេះអាចកើតឡើងជាលទ្ធផលនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់យើងនៅក្នុងខែវិច្ឆិកា ព្រោះវាបានផ្តល់សញ្ញាដល់ពិភពលោកទាំងមូលថារដ្ឋបាលរបស់ខ្ញុំនឹងស្វែងរកសន្តិភាព និងចរចាដើម្បីធានាសុវត្ថិភាពរបស់ប្រជាជនអាមេរិកទាំងអស់ និងសម្ព័ន្ធមិត្តរបស់យើង។

លោក Trump បន្តថា ក្រុមសន្តិសុខជាតិរបស់លោកនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់យើង ដើម្បីធ្វើឱ្យប្រាកដថា តំបន់ហ្គាហ្សានឹងមិនក្លាយជាជម្រកសុវត្ថិភាពភេរវករម្តងទៀតឡើយ។ លោកបញ្ជាក់ថា នេះគ្រាន់តែជាការចាប់ផ្តើមនៃរឿងដ៏អស្ចារ្យដែលនឹងមកដល់សម្រាប់អាមេរិក ហើយជាការពិតពិភពលោក។

បេសកជនពិសេសរបស់លោក Trump ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff តាមសេចក្តីរាយការណ៍ បានចូលរួមកិច្ចចរចានៅទីក្រុងដូហា ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចុះបញ្ចូលគណៈប្រតិភូអ៊ីស្រាអែលឱ្យទទួលយកកិច្ចព្រមព្រៀងនេះ។ លោក ​Witkoff ​បានប្រាប់ទូរទស្សន៍អ៊ីស្រាអែល Channel 12 កាលពីថ្ងៃពុធថា “កិច្ចព្រមព្រៀងនេះសម្រេចបានដោយសារតែជំនួយពីមនុស្សជាច្រើន និងបង្ហាញថាគោលនយោបាយសន្តិភាពតាមរយៈកម្លាំងឈ្នះ”។ លោកថ្លែងការអរគុណក្រុមចរចារបស់អ៊ីស្រាអែល អរគុណកាតារ អរគុណដល់អេហ្ស៊ីប អរគុណរដ្ឋបាល Biden និងភាគច្រើនបំផុតចំពោះលោក Donald Trump ដែលគោលនយោបាយសន្តិភាពតាមរយៈកម្លាំងគឺជាអ្នកដែលឈ្នះ។

មេដឹកនាំកាតា Sheikh Tamim bin Hamad al-Thani បានជួបជាមួយមន្ត្រីជាន់ខ្ពស់ហាម៉ាស ដើម្បីបញ្ចុះបញ្ចូលក្រុមប៉ាឡេស្ទីនឱ្យទទួលយកកិច្ចព្រមព្រៀងនេះ។ ប្រមុខចារកម្មអេហ្ស៊ីប និងទួរគីក៏បានចូលរួមក្នុងការចរចានេះ រួមជាមួយនឹងប្រធានទីភ្នាក់ងារសន្តិសុខរបស់អ៊ីស្រាអែល Mossad និង Shin Betផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment