កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានរាយការណ៍ពីការវាយប្រហារលើគោលដៅក្រុមភេរវករហេសបូឡា ក្នុងប្រទេសលីបង់ ។
ភ្នាក់ងារ IDF បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមគោលដៅដែលត្រូវវាយប្រហាររួមមានទីតាំងបាញ់គ្រាប់រ៉ុក្កែត ទីតាំងយោធា និងផ្លូវនៅតាមព្រំដែនស៊ីរី-លីបង់ ដែលប្រើដើម្បីរត់ពន្ធអាវុធទៅកាន់ក្រុមហេសបូឡា ។
យោងតាមកងទ័ពអ៊ីស្រាអែល អះអាងថា បានរារាំងការប៉ុនប៉ងណាមួយរបស់ក្រុមភេរវករហេសបូឡា ក្នុងការកសាងកងកម្លាំងរបស់ខ្លួនឡើងវិញ ស្របតាមការយល់ដឹងអំពីបទឈប់បាញ់ និងការគំរាមកំហែង ។
ទូរទស្សន៍លីបង់ Al Mayadeen ក៏បានរាយការណ៍ថា កងកម្លាំងអាកាសអ៊ីស្រាអែល (IAF) ធ្វើការវាយប្រហារតាមអាកាសទៅលើភាគខាងត្បូងប្រទេសលីបង់ ខណដែលមីស៊ីលបាញ់សំដៅលើទីតាំងយោធាដែលគេសង្ស័យ និងឃ្លាំងផ្ទុករបស់កងជីវពល ហេសបូឡា Shia និងនៅលើភូមិ Janta ជិតព្រំដែនជាមួយប្រទេសស៊ីរី។
គួរបញ្ជាក់ថា ចាប់តាំងពីបទឈប់បាញ់រយៈពេល ៦០ ថ្ងៃ ចូលជាធរមាន នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ភ្នាក់ងារ IAF បានវាយលុកគោលដៅរាប់រយនៅក្នុងប្រទេសលីបង់។ ខណដែលមនុស្ស ៣៩ នាក់ត្រូវបានសម្លាប់ អាជ្ញាធរក្នុងតំបន់មិនបញ្ជាក់ថាតើជនស៊ីវិលស្ថិតក្នុងចំណោមអ្នកស្លាប់ ឬអត់ ៕
ដោយ៖ ពេជ្រ