ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានអំពាវនាវដល់សម្ព័ន្ធមិត្តឲ្យគោរពការសន្យាទាំងអស់ក្នុងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន រួមទាំងអាវុធសម្រាប់ទប់ទល់នឹងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីផងដែរ។
លោក Zelensky បានលើកទ្បើងថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហាររាប់រយលើកលើអ៊ុយក្រែន ហើយគ្រាប់បែកពីលើអាកាសជិត ៧០០ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកវាយប្រហារជាង ៦០០ គ្រឿងត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារ។
កងកម្លាំងការពារដែនអាកាសអ៊ុយក្រែនបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា យន្តហោះគ្មានមនុស្សបើករុស្ស៊ីចំនួន ៦០ គ្រឿងក្នុងចំណោម ៩៤គ្រឿងត្រូវបានបាញ់ទម្លាក់ក្នុងរយៈពេញមួយយប់។ កងកម្លាំងដដែលបាននិយាយថាយន្តហោះគ្មានមនុស្សបើកចំនួន ៣៤ គ្រឿងផ្សេងទៀតរបស់រុស្ស៊ីត្រូវបានបាញ់ទម្លាក់ដោយការប្រើប្រាស់សង្រ្គាមអេឡិចត្រូនិករបស់អ៊ុយក្រែន ដោយប្តូរទិសដៅយន្តហោះទាំងនោះដោយប្រសិទ្ធភាព។
លោក Zelensky បានអះអាងថា រុស្ស៊ីបាន និងកំពុងបន្តបំផ្លិចបំផ្លាញអ៊ុយក្រែនដោយបើកការវាយប្រហារអត់ឈប់ឈរទាំងយន្តហោះគ្មានមនុស្សបើក និងអាវុធទំនើបៗ។ លោកក៏អំពាវនាវឲ្យសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនបំពេញកិច្ចព្រមព្រៀងដែលបានធ្វើរួចហើយ ហើយឲ្យទាន់ពេលវេលា។ លោក Zelensky បាននិយាយថា ការសម្រេចចិត្តដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូក្នុងទីក្រុងវ៉ាស៊ីនតោន ក៏ដូចជាការអនុម័តក្នុងអំឡុងពេលកិច្ចប្រជុំ Ramsteinទាក់ទងនឹងការការពារដែនអាកាសសម្រាប់អ៊ុយក្រែន នៅតែមិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយមកដល់ពេលនេះ។
មេដឹកនាំអ៊ុយក្រែនក្នុងសប្តាហ៍នេះក៏បានលើកទ្បើងដែរថា លោកបានពិភាក្សាជាមួយដៃគូ និងសហរដ្ឋអាមេរិកអំពីលទ្ធភាពនៃការផ្តល់អាជ្ញាប័ណ្ណអ៊ុយក្រែនសម្រាប់ផលិតប្រព័ន្ធការពារដែនអាកាស និងមីស៊ីល៕
ដោយ៖ ពេជ្រ