Trump នឹងប្រឈមផ្នែកនយោបាយ និងផ្លូវច្បាប់ បើព្យាយាមដកទណ្ឌកម្មពីរុស្ស៊ី  

កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃអាទិត្យដោយដកស្រង់ពីប្រភពស្នឹទ្ធដែលថា ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលនឹងចូលកាន់តំណែងក្នុងរយៈពេលពីរសប្តាហ៍ខាងមុខអាចប្រឈមមុខនឹងឧបសគ្គផ្នែកច្បាប់ និងនយោបាយសំខាន់ៗ ប្រសិនបើគាត់ព្យាយាមដកទណ្ឌកម្មលើប្រទេសរុស្ស៊ី។

សហរដ្ឋអាមេរិកបានអនុវត្តទណ្ឌកម្មជាបន្តបន្ទាប់លើរុស្ស៊ីជុំវិញជម្លោះអ៊ុយក្រែន ហើយកាលពីថ្ងៃសុក្រ ប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសដាក់ទណ្ឌកម្មដ៏ទូលំទូលាយបំផុតរបស់ខ្លួនរហូតមកដល់បច្ចុប្បន្ន ដោយផ្តោតលើក្រុមហ៊ុនប្រេងសំខាន់ៗរបស់រុស្ស៊ីដូចជា Gazprom Neft និង Surgutneftegas ក៏ដូចជានាវាចំនួន ១៨៣ គ្រឿងដែលពាក់ព័ន្ធនៅក្នុង  ការដឹកជញ្ជូនប្រេងរុស្ស៊ី។

 មន្ត្រីរដ្ឋបាលជាន់ខ្ពស់ Biden ដែលមិនបញ្ចេញឈ្មោះបានប្រាប់កាសែតថា “យើងមិនមានតួនាទីអ្វីដើម្បីនិយាយបន្តឬបញ្ជាសម្រាប់ក្រុមបន្ទាប់ពីយើងទេ”។ មន្ត្រីដដែលបានបន្ថែមថា“អ្វីៗវាអាស្រ័យទៅលើពួកគេទាំងស្រុងក្នុងការកំណត់ថាតើនៅពេលណា និងក្នុងលក្ខខណ្ឌណាដែលពួកគេអាចនឹងដកទណ្ឌកម្មណាមួយលើប្រទេសណាមួយដែលយើងបានដាក់នោះទេ”។

ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអាមេរិកបីនាក់ដែលបានសម្ភាសន៍ដោយសារព័ត៌មាន ​WaPo ​បានកត់សម្គាល់ថា ការដាក់ទណ្ឌកម្មលើរុស្ស៊ីត្រូវបានគ្រប់គ្រងដោយច្បាប់ដែលផ្តល់អំណាចដល់សភាក្នុងការជំទាស់ទៅនឹងវិធានការណាមួយដើម្បីលើកទណ្ឌកម្មទាំងនោះ។ មន្ត្រី​បាន​បន្ថែម​ថា យើងដឹងថាមាន​សមាជិក​សភា​គណបក្ស​សាធារណរដ្ឋ​មួយ​ក្រុម​ដ៏​ធំ​​ដែល​បាន​ជំរុញ​ឲ្យ​មាន​ទណ្ឌកម្ម​សេដ្ឋកិច្ច​កាន់តែ​តឹងរ៉ឹង​ប្រឆាំង​នឹង​រុស្ស៊ី។

 ទន្ទឹមនោះលោក Michael Waltz ដែលត្រូវបានជ្រើសរើសដោយលោក Trump សម្រាប់ទីប្រឹក្សាសន្តិសុខជាតិ ក៏បានតវ៉ានិងពេញចិត្តក្នុងការបង្កើនការដាក់ទណ្ឌកម្មលើរុស្ស៊ីដើម្បីដាក់សម្ពាធទីក្រុងម៉ូស្គូឱ្យយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលជាមួយទីក្រុងគៀវ។ ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីជាប់ឆ្នោតបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Bloomberg មុនពេលបោះឆ្នោតថាគាត់មិនចូលចិត្តការដាក់ទណ្ឌកម្មនោះទេ។ កាលពីដើមខែនេះ គាត់បានស្នើឱ្យប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ជួបពិភាក្សាគ្នា ហើយករណីនេះលោកក៏អះអាងថានឹងជួបគ្នាឆាប់ៗនេះ។ វិមានក្រឹមឡាំងបាននិយាយថា ទោះបីជាមិនមានការរៀបចំជាក់លាក់ណាមួយត្រូវបានធ្វើឡើងក៏ដោយ មេដឹកនាំរុស្ស៊ីបានបើកចំហសម្រាប់កិច្ចប្រជុំដោយគ្មានលក្ខខណ្ឌណាមួយនោះឡើយ។

មន្ត្រីអាមេរិកបានឲ្យដឹងថាប្រសិនបើលោក Trump ផ្លាស់ទីដើម្បីដកទណ្ឌកម្មលើរុស្ស៊ីនោះ គាត់អាចនឹងត្រូវធ្វើក្រោមច្បាប់ 2017 Countering America’s Adversaries Through Sanctions Act (CAATSA) ដែលបានផ្តល់សិទ្ធិអំណាចឲ្យប្រធានាធិបតីក្នុងការបន្ធូរបន្ថយទណ្ឌកម្មជាឯកតោភាគី ជាពិសេសពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី។

ប៉ុន្តែសមាជិកសភាភាគច្រើនអាចនឹងអនុម័តដំណោះដោយមិនយល់ព្រម ដើម្បីរារាំង លោក Trump ពីការដកទណ្ឌកម្មលើរុស្ស៊ី។ យ៉ាង​ណា​ក៏​ដោយ លោក​ប្រធានាធិបតី​អាច​វេតូ​ដំណោះស្រាយ​ដែល​តម្រូវ​ឱ្យ​មាន​សំឡេង​ភាគ​ច្រើន​ពីរ​ភាគ​បី​ក្នុង​សភា​ដើម្បី​បដិសេធឬក៏យល់ព្រមលើករណីនេះ។

រុស្ស៊ីចាត់ទុកទណ្ឌកម្មរបស់លោកខាងលិចថា ខុសច្បាប់ ហើយកាលពីរដូវក្តៅមុន លោក ពូទីន បាននិយាយថា ការដកវាចេញគឺជាលក្ខខណ្ឌមួយសម្រាប់ការសម្រេចបានសន្តិភាពនៅអ៊ុយក្រែន។ទោះជាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំងបានផ្តល់សញ្ញាថា ខ្លួនមិនរំពឹងថានឹងមានការផ្លាស់ប្តូរណាមួយនៅក្នុងគោលនយោបាយដាក់ទណ្ឌកម្មពីរដ្ឋបាល Trump ដែលកំពុងចូលមកដល់ឆាប់ៗនេះ នោះទេ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment