ភ្លើង បានឆាបឆេះព្រៃអស់ជិត ១,០០០ គីឡូម៉ែត្រ នៅលើភ្នំខាវឡុយ (Khao Loi) ក្នុងស្រុក Pak Chong នៃខេត្តនគររាជសីមា ដែលមានចម្ងាយប្រហែល ៥ គីឡូម៉ែត្រពីព្រំប្រទល់នៃឧទ្យានជាតិខាវយ៉ៃ ដែលជាតំបន់បេតិកភណ្ឌពិភពលោក។
លោក Kittiwat Thiempeng ប្រធានស្ថានីយ៍ត្រួតពិនិត្យភ្លើងឆេះព្រៃនៅខាវយ៉ៃ បានឲ្យដឹង កាលពីថ្ងៃសុក្រថា ទីតាំងដែលត្រូវភ្លើងឆាបឆេះ គឺនៅក្នុងព្រៃបម្រុង Khao Siad Ah, Khao Nok Yung Forest និង Khao Ang Hin Forest ។
លោក បានបន្ថែមថា ភ្លើងឆេះព្រៃនេះ គឺមានចម្ងាយប្រហែល ៥ គីឡូម៉ែត្រពីព្រំប្រទល់ឧទ្យានជាតិខាវយ៉ៃ ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ភ្នាក់ងារជាច្រើនចូលរួមកម្លាំង ដើម្បីពន្លត់ភ្លើងឆេះព្រៃ កាលពីម្សិលមិញ រួមទាំងមជ្ឈមណ្ឌលប្រតិបត្តិការភ្លើងឆេះព្រៃនគររាជសីមា, ស្ថានីយ៍ត្រួតពិនិត្យភ្លើងឆេះព្រៃ Khao Yai, អង្គភាពការពារព្រៃឈើនៃស្រុក Pak Chong, នាយកដ្ឋានព្រៃឈើនគររាជសីមា, មជ្ឈមណ្ឌលលើកកម្ពស់ការគ្រប់គ្រងភ្លើងឆេះព្រៃ, មជ្ឈមណ្ឌលលើកកម្ពស់ការគ្រប់គ្រងភ្លើងឆេះព្រៃ Prachin Buri និងអង្គការរដ្ឋបាលឃុំផាយ៉ាន។
លោក Thiempeng បានបញ្ជាក់ថា អភិបាលខេត្តនគររាជសីមា និងមេបញ្ជាការកងទ័ពភូមិភាគឦសាន ជាអ្នកទទួលបន្ទុកសម្រាប់ស្ថានការណ៍នេះ ។
ទន្ទឹមនោះ ក្រសួងធនធានធម្មជាតិ និងបរិស្ថាន រំពឹងថា ស្ថានការណ៍ នឹងអាចគ្រប់គ្រង បានទាន់ពេលវេលា នៅថ្ងៃនេះ ។
ជាមួយគ្នានោះ នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra បានបង្ហោះនៅលើបណ្ដាញសង្គម X កាលពីម្សិលមិញថា រដ្ឋាភិបាល ណែនាំភ្នាក់ងារពាក់ព័ន្ធទាំងអស់ឱ្យពន្លត់ភ្លើងឆេះព្រៃនេះជាបន្ទាន់ ដើម្បីការពារកុំឱ្យមានការរីករាលដាលបន្ថែម ។
គួរបញ្ជាក់ថា ភ្លើងឆេះនេះ បង្កការខូចខាតព្រៃឈើជិត ១០០០ គីឡូម៉ែត្រការ៉េ ដោយបន្ថែមថា មូលហេតុគេជឿថា អាចកើតឡើង ដោយសារទង្វើប្រម៉ាញ់សត្វ៕
ដោយ៖ ពេជ្រ