បន្ទាយមានជ័យ៖នៅវេលាម៉ោង២១និង០០នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះល្បាតការពារ រក្សារសន្តិសុខ ក្នុងភូមិសាស្រ្តក្រុង រហូតដល់ចំណុចអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានប្រទះឃើញជនសង្ស័យមា្នក់ឈ្មោះ ហេង ភារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន) កំពុងដើរផឹកស្រាតាមផ្លូវ និងមានស្ពាយកាបូបចំហៀងពណ៌ខ្មៅជាប់នឹងខ្លួនផង។ ដោយមានការសង្ស័យកម្លាំងល្បាតបានធ្វើការត្រួតពិនិត្យ និងធ្វើការឆែកឆេរ រកឃើញមាន កាំបិតប៉័ងតោ ចំនួន០១ដើម និងពូថៅដងឈើចំនួន០១ដើម ពេលនោះកម្លាំងធ្វើការឃាត់ខ្លួនភ្លាមៗ ហើយនាំមកដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដេីម្បីសួរនាំតាមនីតីវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួន ពិតជាបានលាក់ទុកកាំបិតនិងពូថៅដើម្បីការពារខ្លួន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលេីដោយមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕