អ្នកកាសែតល្បីឈ្មោះប៉ាឡេស្ទីន លោក Mohammad Hijazi ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែល លើជំរុំជនភៀសខ្លួន Jabalia ភាគខាងជើងនៃតំបន់ហ្គាហ្សា ដោយធ្វើឱ្យចំនួនអ្នកសារព័ត៌មានដែលស្លាប់សរុបឡើងដល់ ២២០ នាក់ ចាប់តាំងពីជម្លោះ។ នេះបើតាមប៉ុស្តិ៍ទូរទស្សន៍ Al Jazeera បានរាយការណ៍។
ប៉ុស្តិ៍ទូរទស្សន៍ ដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលហ្គាហ្សាថា លោក Hijazi ស្ថិតក្នុងចំណោមប្រជាជនប៉ាឡេស្ទីនជិត ៩០ នាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅទូទាំងតំបន់មានការប្រយុទ្ធគ្នា កាលពីចុងសប្តាហ៍។
កាលពីថ្ងៃអាទិត្យ ក៏មានការថ្កោលទោសការបន្តកំណត់គោលដៅជាប្រព័ន្ធលើអ្នកកាសែតប៉ាឡេស្ទីនដោយកងកម្លាំងអ៊ីស្រាអែល ផងដែរ។
ទន្ទឹមនោះ ទីភ្នាក់ងារសារព័ត៌មាន WAFA បានរាយការណ៍ថា យោធាអ៊ីស្រាអែល បន្តអនុវត្តការរំលោភ និងឧក្រិដ្ឋកម្មចំនួន ៨៤ ករណីប្រឆាំងនឹងអ្នកកាសែតប៉ាឡេស្ទីនក្នុងកំឡុងខែមុន ។
យោងតាមភ្នាក់ងារនេះ ភាគីអ៊ីស្រាអែល បន្តការប្រើប្រាស់ទម្រង់ផ្សេងៗនៃអំពើហឹង្សា និងការបំភិតបំភ័យប្រឆាំងនឹងអ្នកសារព័ត៌មាន រួមទាំងការគំរាមកំហែងដោយផ្ទាល់ជាមួយអាវុធ ការប៉ះពាល់នឹងឧស្ម័នបង្ហូរទឹកភ្នែក ការកាត់ក្តីដោយអយុត្តិធម៌ ការផាកពិន័យហិរញ្ញវត្ថុ ការរឹតបន្តឹងការធ្វើដំណើរ និងការប៉ុនប៉ងរត់ពីលើអ្នកកាសែត ផងដែរ៕
ដោយ៖ ពេជ្រ