ប្រធានាធិបតីចិន លោក Xi Jinping បានអំពាវនាវឲ្យមានការបង្រួបបង្រួមសំឡេងបន្ថែមទៀត ដើម្បីសន្តិភាពនៅអ៊ុយក្រែន ក្នុងសន្និសីទសារព័ត៌មានរួមជាមួយប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva ក្នុងទីក្រុង Brasilia ។
លោក Xi បាននិយាយថា ប្រទេសចិន និងប្រេស៊ីល រួមគ្នាបង្កើតការឯកភាពគ្នាចំនួន ៦ ស្តីពីដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន ហើយសហការជាមួយបណ្តាប្រទេសនៃសកលលោកខាងត្បូងបង្កើតក្រុមមិត្តសន្តិភាព ។
លោក បានបន្ថែមថា យើងត្រូវប្រមូលផ្តុំសំឡេងសន្តិភាពបន្ថែមទៀត និងត្រួសត្រាយផ្លូវសម្រាប់ដំណោះស្រាយនយោបាយចំពោះវិបត្តិអ៊ុយក្រែន ។
ទន្ទឹមនោះ កាលពីខែកញ្ញា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក្នុងកិច្ចប្រជុំជាមួយតំណាងពិសេសរបស់ប្រធានាធិបតីប្រេស៊ីលលោក Celso Amorim នៅទីក្រុងញូវយ៉ក បានលើកឡើងថា ប្រទេសចិន ប្រេស៊ីល និងប្រទេសដទៃទៀតនៃសកលលោកខាងត្បូងនឹងបង្កើតវេទិកាមិត្តសន្តិភាព ដើម្បីលើកកម្ពស់ដំណោះស្រាយដោយសន្តិវិធីរបស់អ៊ុយក្រែន។
កាលពីខែឧសភាកន្លងទៅ បន្ទាប់ពីមានការពិគ្រោះយោបល់ លោក Wang Yi និងលោក Amorim បានចេញសេចក្តីថ្លែងការណ៍រួមចំនួនប្រាំមួយចំណុច ដោយបញ្ជាក់ថា ការសន្ទនា និងការចរចា គឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន។ ប្រទេសចិន និងប្រេស៊ីលបានស្នើរៀបចំសន្និសីទសន្តិភាពអន្តរជាតិនៅពេលសមស្រប ដោយមានការចូលរួមស្មើគ្នាពីគ្រប់ភាគី និងការពិភាក្សាអំពីផែនការសន្តិភាព ។
គួរបញ្ជាក់ថា រុស្ស៊ី សិក៏បានក្សាសំណើរបស់ចិន និងប្រេស៊ីល សម្រាប់ដោះស្រាយជម្លោះនៅអ៊ុយក្រែន ខណប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន យល់ថានេះជាមូលដ្ឋានដ៏ល្អក្នុងការប៉ុនប៉ងស្វែងរកសន្តិភាព ផងដែរ៕