ប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino បានច្រានចោលការគំរាមរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump ដើម្បីទាមទារយកមកវិញនូវការគ្រប់គ្រងលើព្រែកជីកប៉ាណាម៉ា។ លោក Mulino បានពណ៌នាព្រែកជីកនេះថាជាផ្នែកសំខាន់មួយនៃបេតិកភណ្ឌជាតិរបស់ប៉ាណាម៉ា ដោយសង្កត់ធ្ងន់ថាភាពជាម្ចាស់របស់វាមិនអាស្រ័យលើការចរចាណាមួយនោះទ្បើយ ហើយយើងមិនយល់ព្រមដាច់ខាត។
លោក Mulino បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ ដែលបានដកស្រង់ដោយ AFP ថា “ប្រឡាយគឺជារបស់ប៉ាណាម៉ា និងជាកម្មសិទ្ធិរបស់ជនជាតិប៉ាណាម៉ា។លោកសង្កត់ធ្ងន់ថា“គ្មានលទ្ធភាពបើកការសន្ទនាបែបណាមួយជុំវិញការពិតនេះទេ ដែលធ្វើឲ្យប្រទេសជាតិយើងមានហូរឈាម ហូរញើស និងទឹកភ្នែកនោះទ្បើយ។ លោកបានសង្កត់ធ្ងន់បន្ថែមថា “ប្រសិនបើមានចេតនាចង់និយាយពីព្រែកជីក នោះមិនមានអ្វីត្រូវនិយាយទេ”។
គួររំលឹកថា ថ្មីៗនេះ លោក Trump បានរិះគន់ថ្លៃសេវាដែលដាក់លើកប៉ាល់អាមេរិកដែលឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ដោយពណ៌នាថា ថ្លៃ“ហួសហេតុ” ហើយបានអះអាងថា ផ្លូវទឹកជាយុទ្ធសាស្ត្រកំពុងធ្លាក់ក្រោមឥទ្ធិពលរបស់ប្រទេសចិន។ លោកបន្តថា “យើងនឹងមិនអនុញ្ញាតឱ្យវាធ្លាក់ទៅក្នុងដៃដែលខុសទេ”។ លោក Trump បានសរសេរបែបនេះនៅលើវេទិកាសង្គមការពិតរបស់គាត់។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Mulino ប្រធានាធិបតីប៉ាណាម៉ាបានអះអាងថា “គ្មានការជ្រៀតជ្រែករបស់ចិនលើព្រែកជីកដែលតភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រអាត្លង់ទិកមួយនេះទេ។
ជំហររបស់លោក Mulino ត្រូវបានគាំទ្រដោយមេដឹកនាំអាមេរិកឡាទីនផ្សេងទៀត ដែលបានគាំទ្រអធិបតេយ្យភាពរបស់ប៉ាណាម៉ាលើផ្លូវទឹក។ ប្រធានាធិបតីម៉ិកស៊ិក Claudia Sheinbaum បាននិយាយថា “ប្រឡាយប៉ាណាម៉ាជាកម្មសិទ្ធិរបស់ប៉ាណាម៉ា ហើយអធិបតេយ្យភាពរបស់វាត្រូវតែត្រូវបានគោរពដោយប្រជាជាតិទាំងអស់”។
ព្រែកជីកប៉ាណាម៉ា ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ពាណិជ្ជកម្មដែនសមុទ្រសកលត្រូវបានសាងសង់ឡើងដោយសហរដ្ឋអាមេរិកនៅដើមសតវត្សទី ២០ ហើយស្ថិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិករហូតដល់ចុងឆ្នាំ ១៩៩៩ នៅពេលដែលវាត្រូវបានផ្ទេរជាផ្លូវការទៅប្រទេសប៉ាណាម៉ា ស្របតាមសន្ធិសញ្ញាទ្វេភាគីដែលបានចុះហត្ថលេខាជាបន្តបន្ទាប់នៅឆ្នាំ ១៩៧៧៕
ដោយ៖ ពេជ្រ