ប្រធានាធិបតីប៉ាណាម៉ា បដិសេធការទាមទាររបស់លោក Trump ក្នុងការគ្រប់គ្រងព្រែកជីកប៉ាណាម៉ា

ប្រធានាធិបតី​ប៉ាណាម៉ា លោក Jose Raul Mulino បាន​ច្រានចោល​ការ​គំរាម​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​អាមេរិក Donald Trump ដើម្បី​ទាមទារ​យក​មកវិញ​នូវ​ការ​គ្រប់គ្រង​លើ​ព្រែកជីក​ប៉ាណាម៉ា។  លោក Mulino បានពណ៌នាព្រែកជីកនេះថាជាផ្នែកសំខាន់មួយនៃបេតិកភណ្ឌជាតិរបស់ប៉ាណាម៉ា ដោយសង្កត់ធ្ងន់ថាភាពជាម្ចាស់របស់វាមិនអាស្រ័យលើការចរចាណាមួយនោះទ្បើយ ហើយយើងមិនយល់ព្រមដាច់ខាត។

លោក Mulino បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានមួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​បាន​ដក​ស្រង់​ដោយ AFP ថា “ប្រឡាយ​គឺ​ជា​របស់​ប៉ាណាម៉ា និង​ជា​កម្មសិទ្ធិ​របស់​ជនជាតិ​ប៉ាណាម៉ា។លោកសង្កត់ធ្ងន់ថា“គ្មាន​លទ្ធភាព​បើក​ការ​សន្ទនា​បែប​ណា​មួយ​ជុំវិញ​ការពិត​នេះ​ទេ ដែល​ធ្វើ​ឲ្យ​ប្រទេស​ជាតិយើង​មានហូរ​ឈាម ហូរញើស និង​ទឹកភ្នែកនោះទ្បើយ។ លោក​បាន​សង្កត់​ធ្ងន់បន្ថែម​ថា​​ “ប្រសិន​បើ​មាន​ចេតនា​ចង់​និយាយពីព្រែកជីក នោះ​មិន​មាន​អ្វី​ត្រូវ​និយាយ​ទេ​”។

គួររំលឹកថា ថ្មីៗនេះ លោក Trump បានរិះគន់ថ្លៃសេវាដែលដាក់លើកប៉ាល់អាមេរិកដែលឆ្លងកាត់ព្រែកជីកប៉ាណាម៉ា ដោយពណ៌នាថា ថ្លៃ“ហួសហេតុ” ហើយបានអះអាងថា ផ្លូវទឹកជាយុទ្ធសាស្ត្រកំពុងធ្លាក់ក្រោមឥទ្ធិពលរបស់ប្រទេសចិន។ លោកបន្តថា “យើងនឹងមិនអនុញ្ញាតឱ្យវាធ្លាក់ទៅក្នុងដៃដែលខុសទេ”។ លោក Trump បានសរសេរបែបនេះនៅលើវេទិកាសង្គមការពិតរបស់គាត់។ 

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Mulino ប្រធានាធិបតីប៉ាណាម៉ាបានអះអាងថា “គ្មានការជ្រៀតជ្រែករបស់ចិនលើព្រែកជីកដែលតភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រអាត្លង់ទិកមួយនេះទេ។ 

ជំហររបស់លោក Mulino ត្រូវបានគាំទ្រដោយមេដឹកនាំអាមេរិកឡាទីនផ្សេងទៀត ដែលបានគាំទ្រអធិបតេយ្យភាពរបស់ប៉ាណាម៉ាលើផ្លូវទឹក។ ប្រធានាធិបតីម៉ិកស៊ិក Claudia Sheinbaum បាននិយាយថា “ប្រឡាយប៉ាណាម៉ាជាកម្មសិទ្ធិរបស់ប៉ាណាម៉ា ហើយអធិបតេយ្យភាពរបស់វាត្រូវតែត្រូវបានគោរពដោយប្រជាជាតិទាំងអស់”។ 

ព្រែកជីកប៉ាណាម៉ា ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ពាណិជ្ជកម្មដែនសមុទ្រសកលត្រូវបានសាងសង់ឡើងដោយសហរដ្ឋអាមេរិកនៅដើមសតវត្សទី ២០ ហើយស្ថិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិករហូតដល់ចុងឆ្នាំ ១៩៩៩ នៅពេលដែលវាត្រូវបានផ្ទេរជាផ្លូវការទៅប្រទេសប៉ាណាម៉ា ស្របតាមសន្ធិសញ្ញាទ្វេភាគីដែលបានចុះហត្ថលេខាជាបន្តបន្ទាប់នៅឆ្នាំ ១៩៧៧៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment