រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានព្រមានក្រុងកៀវកុំឱ្យប្រព្រឹត្តអំពើភេរវកម្មនៅលើដីរុស្ស៊ីឲ្យសោះ បើមិនចង់ឃើញការសងសឹក។ នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី “៦០ នាទី” ដែលចាក់ផ្សាយនៅលើប៉ុស្តិ៍ទូរទស្សន៍ Rossiya កាលពីថ្ងៃពុធម្សិលមិញលោក Lavrov បានថ្កោលទោសការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក “ប្រព្រឹត្តដោយរបបក្រុងគៀវ ដោយចេតនា ហើយបានវាយប្រហារលើគោលដៅស៊ីវិលសុទ្ធសាធ”។ លោកក៏បានហៅការវាយប្រហារនោះថាជា “អំពើហិង្សានិងជាការបំពានដោយផ្ទាល់លើអនុសញ្ញាប្រឆាំងភេរវកម្មទាំងស្រុង”។
លោក Lavrov បានព្រមានថា បើនៅតែប្រព្រឹត្តសកម្មភាពបែបនេះបន្ថែមទៀតនោះ នឹងបង្កឱ្យមានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីរុស្ស៊ីមិនខានទ្បើយ។
សេចក្តីថ្លែងការណ៍បែបនេះធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងការពារដែនអាកាសបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ៥៩ គ្រឿងក្នុងរយៈពេលមួយយប់កាលពីថ្ងៃទី ២៤-២៥ ខែធ្នូ ឆ្នាំ២០២៤។របាយការណ៍នេះក៏ធ្វើឡើងបន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ រួមទាំងកាលពីថ្ងៃសៅរ៍នៅទីក្រុង Kazan ជាកន្លែងដែលអគារលំនៅដ្ឋាន និងរោងចក្រមួយត្រូវបានគេកំណត់គោលដៅវាយប្រហារផងដែរ។ ជាសំណាងល្អ អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា មិនមានអ្នកស្លាប់ដោយសារការវាយប្រហារនោះទេ ទោះបីជាវាបានបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរក៏ដោយ។
យោងតាមប្រភពយោធាបានឲ្យដឹងថា អ៊ុយក្រែនបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកចំនួន ៣ នៅក្នុងការវាយលុកចុងក្រោយរបស់ខ្លួន។ ការការពារដែនអាកាសរបស់រុស្ស៊ីបានបាញ់ទម្លាក់ UAVs ចំនួន ៣គ្រឿងដោយជោគជ័យ ខណៈដែលប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកបានទម្លាក់យន្តហោះចម្បាំង ៣គ្រឿងបន្ថែមទៀត៕
ដោយ៖ ពេជ្រ