នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi មានគម្រោងចាប់ផ្តើមការពិភាក្សាមួយនៅក្នុងគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចរបស់ប្រទេស ដែលលោកស្រីជាប្រធាន លើលទ្ធភាពនៃការកែសម្រួលគោលការណ៍គ្មាននុយក្លេអ៊ែរចំនួន ៣ បច្ចុប្បន្ន គឺការមិនគ្រប់គ្រង ផលិត ឬអនុញ្ញាតឱ្យមានអាវុធនុយក្លេអ៊ែរនៅលើដីជប៉ុន។

យោងតាមកាសែត Mainichi បានរាយការណ៍ថា លោកស្រី Takaichi តស៊ូមតិឱ្យមានការកែសម្រួលគោលការណ៍ទាំង ៣ នេះ ដោយសារតែតាមទស្សនៈរបស់លោកស្រី ការហាមឃាត់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសនេះ ប៉ះពាល់អវិជ្ជមានដល់សក្តានុពលនៃការរារាំង និងការពារជាតិរបស់សហរដ្ឋអាមេរិក ដែលធានាសន្តិសុខរបស់ប្រទេសជប៉ុន។
ទោះជាយ៉ាងណា លោកស្រី បានប្រាប់គណៈកម្មាធិការសភាថា លោកស្រី នៅមិនទាន់អាចធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ ដោយកត់សម្គាល់ថា រដ្ឋាភិបាលរបស់លោកស្រី នឹងចាប់ផ្តើមពិនិត្យឡើងវិញនូវឯកសារគោលនយោបាយសន្តិសុខសំខាន់ៗចំនួន ៣ របស់ខ្លួននេះ៕

ដោយ៖ ពេជ្រ
