សហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA នឹងបន្តគម្រោងទឹកស្អាតរយៈពេល ២ ឆ្នាំទៀត ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការ នៅក្នុងខេត្តសៀមរាប

នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាង៏ខ្ពស់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈបានអភិបាលខេត្តសៀមរាប បានជួបពិភាក្សាការងារជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដើម្បីបន្តអនុវត្តគម្រោងទឹកស្អាតរយៈពេលពីរឆ្នាំបន្ថែមទៀត ចាប់ពីខែមិថុនា ឆ្នាំ២០២៦ ដល់ខែមិថុនា ឆ្នាំ២០២៨ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតដែលកំពុងមានការកើនឡើងឥតឈប់ឈររបស់ប្រជាពលរដ្ឋ និងវិស័យទេសចរណ៍នៅក្នុងខេត្តទេសចរណ៍ដ៏សំខាន់មួយនេះ។

‎លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា «គម្រោងទឹកស្អាតមានសារៈសំខាន់ណាស់ ដែលមានដំណើរការទាក់ទងជាមួយនឹងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដូចនេះតម្រូវការទឹកស្អាតមានការចាំបាច់បំផុតនៅក្នុងខេត្តទេសចរណ៍សៀមរាបអង្គរមួយនេះ»។ លោកក៏បានណែនាំដល់អង្គភាពមន្ទីរពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុក ឲ្យយកចិត្តទុកដាក់ពិនិត្យ និងដាក់ជូនរដ្ឋបាលខេត្តនូវធាតុចូលនានា ព្រមទាំងជំរុញការអប់រំដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីសារៈសំខាន់នៃទឹកស្អាត ដើម្បីសុខភាព និងសុខមាលភាពរបស់ពួកគាត់។ យោងតាមរបាយការណ៍របស់រដ្ឋាករទឹកស្វយ័តសៀមរាប (SRWSA) នាពេលបច្ចុប្បន្ន ខេត្តសៀមរាបបានពង្រីកសមត្ថភាពផលិតទឹកស្អាតរហូតដល់ប្រមាណ ៩០,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ សមត្ថភាពនេះបានគ្របដណ្តប់បណ្តាញប្រមាណ ៥៩% នៃឃុំ-សង្កាត់ពាក់ព័ន្ធ។

​ទោះជាយ៉ាងណា ការទស្សន៍ទាយរបស់ SRWSA បង្ហាញថា សមត្ថភាពផលិតបច្ចុប្បន្នអាចគ្របដណ្តប់តម្រូវការត្រឹមប្រហែល ឆ្នាំ២០៣០ ប៉ុណ្ណោះ។ តម្រូវការទឹកនឹងបន្តកើនឡើងយ៉ាងខ្លាំងក្រោយឆ្នាំ២០៣០ ដោយសារកត្តាជំរុញសំខាន់ៗដូចជា៖ ខេត្តសៀមរាបនឹងពង្រីកទីក្រុងទៅតំបន់ថ្មីៗ ដូចជានៅជុំវិញអាកាសយានដ្ឋានអន្តរជាតិថ្មី និងតំបន់អភិវឌ្ឍន៍ថ្មីភាគខាងកើត (Gand Siem Reap) ដែលនឹងមានគម្រោងស្នាក់នៅ និងពាណិជ្ជកម្មធំៗ។ កត្តាភ្ញៀវទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន និងសេវាសាធារណៈដែលកើនឡើង គឺជាកត្តាចម្បងដែលជំរុញឱ្យតម្រូវការទឹកកាន់តែកើនឡើង។ ការបន្តគម្រោងរបស់ JICA នេះ គឺជាការត្រៀមលក្ខណៈដ៏សំខាន់មួយ ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយចីរភាព និងគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋ និងទ្រទ្រង់ដល់វិស័យទេសចរណ៍ដ៏សំខាន់របស់ខេត្តសៀមរាប៕

Written by 

Related posts

Leave a Comment