កាលពីថ្ងៃទី១០ខែវិចិ្ឆកា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៨បានបិទបញ្ចប់ ។យោងតាមទិន្នន័យបានបង្ហាញថា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៨នេះទទួលបានសមិទ្ធផលជាផ្លែផ្កា ៖ ទំហំជួញដូរតាមបំណងក្នុងមួយឆ្នាំ គឺ៨ម៉ឺន៣ពាន់៤៩០លានដុល្លារអាមេរិក ដែលកើនឡើង៤,៤ភាគរយបើប្រៀបធៀបនឹងពិព័រណ៍លើកមុន ដែលបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ។ សហគ្រាសដែលចូលរួមពិព័រណ៍លើកនេះបានកើនឡើងជាង៦០០សហគ្រាស បើប្រៀបធៀបនឹងឆ្នាំ២០២៤ សហគ្រាសលំដាប់កំពូលទាំង៥០០លើពិភពលោក និងសហគ្រាសដែលមានសក្តានុពលឈានមុខគេចំនួន២៩០សហគ្រាសបានចូលរួមពិព័រណ៍ ហើយទំហំតាំងពិព័រណ៍សរុបនិងចំនួនសរុបរបស់សហគ្រាសដែលចូលរួមពិព័រណ៍សុទ្ធតែបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ។ ផលិតផលថ្មី បច្ចេកវិទ្យាថ្មីនិងសេវាកម្មថ្មីចំនួន៤៦១ផ្នែកត្រូវបានដាក់តាំងបង្ហាញជាលើកដំបូង បានបង្កើតជាលើកដំបូងនូវប្លុកពិព័រណ៍ពិសេសសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច និង“ប្លុកពិព័រណ៍អំពីសេវាកម្មធុរកិច្ចអេឡិចត្រូនិចឆ្លងដែន”ជាដើម ដើម្បីធ្វើឱ្យតម្រូវការរបស់ប្រទេសចិនមានភាពស៊ីសង្វាក់គ្នាជាមួយការរំពឹងទុករបស់ពិភពលោក។
ពិព័រណ៍នាំចូលចិនអន្តរជាតិគឺជាព័រណ៍តែមួយគត់លើពិភពលោកក្រោមប្រធានបទស្តីពីការនាំចូល ហើយក៏ជាវេទិកាដ៏សំខាន់របស់ប្រទេសចិនសម្រាប់ការជំរុញការបើកទូលាយប្រកបដោយកម្រិតខ្ពស់ផងដែរ ។កិច្ចប្រជុំពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ដែលបានបើកធ្វើនាពេលថ្មីៗកន្លងទៅនេះ បានដាក់ចេញការរៀបចំចាត់ចែងជាពិសេសសម្រាប់ការពង្រីកការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់ ហើយបានកំណត់ជាក់លាក់នូវភារកិច្ចសំខាន់ៗដូចជាការពង្រីកការបើកទូលាយដោយម្ចាស់ការឱ្យបានសកម្មជាដើម ។
បើមើលតាមបរិបទខាងក្រៅ បច្ចុប្បន្ននេះ ឯកតោភាគីនិយមនិងការពារនិយមបានកើនឡើង ទីផ្សារបានក្លាយជាធនធានដ៏កម្រនៅលើពិភពលោក ។ រីឯប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយមានក្តីបំណងខាងការអភិវឌ្ឍយ៉ាងខ្លាំង ដោយរំពឹងជំរុញការអភិវឌ្ឍប្រទេសខ្លួន តាមរយៈការចូលរួមការបែងចែកតួនាទីអន្តរជាតិ ។ ក្រោមបរិបទនេះ ចិនបានពង្រីកការបើកទូលាយប្រកបដោយកម្រិតខ្ពស់ចំពោះអន្តរជាតិឥតឈប់ឈរ និងពង្រីកការបើកទូលាយដោយម្ចាស់ការយ៉ាងសកម្ម វាសម្របទៅតាមក្រឹត្យក្រមទីផ្សារផង ហើយក៏មានភាពស៊ីសង្វាក់គ្នាជាមួយគោលបំណងរបស់អ្នកផងទាំងពួងដែលចង់ទទួលបានការអភិវឌ្ឍនិងជីវភាពរស់នៅប្រកបដោយសុភមង្គលផងដែរ ដែលបានបំពេញបន្ថែមស្ថិរភាពនិងភាពប្រាកដប្រជាដ៏មានតម្លៃសម្រាប់កិច្ចការបើទូលាយរបស់ពិភពលោកដែលកំពុងឈរនៅផ្លូវបំបែក ។
បើមើលពីលក្ខខណ្ឌផ្ទៃក្នុង ចិនមានជំនឿចិត្តនិងសមត្ថភាពជាក់លាក់ក្នុងការពង្រីកយ៉ាងសកម្មនូវការបើកទូលាយដោយម្ចាស់ការ។ មូលដ្ឋានសេដ្ឋកិច្ចដ៏រឹងមាំ និងភាពធន់សេដ្ឋកិច្ចដ៏ខ្លាំងក្លា អាចធ្វើឱ្យប្រទេសចិនមិនរងផលប៉ះពាល់ពីបរិបទខាងក្រៅដ៏ស្មុគ្រស្មាញ ហើយជំរុញការបើកទូលាយដោយឯករាជ្យនិងម្ចាស់ការ ។
ការបើកទូលាយក៏បាននាំមកនូវការប្រមូលផ្តុំនៃធាតុផ្សំឈានមុខ ដើម្បីពន្លឿនការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ។ នៅចុងខែតុលា មជ្ឈមណ្ឌលយុទ្ធសាស្ត្រនៅក្រុងប៉េកាំងដើម្បីសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍សកលនៃក្រុមហ៊ុន AstraZeneca របស់អង់គ្លេសបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ នៅចុងខែកញ្ញា ក្រុមហ៊ុន HERBALIFE របស់សហរដ្ឋអាមេរិកបានលើកកម្ពស់លំដាប់ថ្នាក់នៃមជ្ឈមណ្ឌលច្នៃប្រឌិតថ្មីនៃផលិតផលចិនឱ្យឆ្ពោះទៅរកទូទាំងពិភពលោក ។ នេះបានឆ្លុះបញ្ចាំឱ្យឃើញថាទីផ្សារធំៗរបស់ចិនកំពុងក្លាយជាទីតាំងពិសោធន៍ ទីតាំងប្រើប្រាស់ និងកន្លែងបានផលចំណេញនៃការច្នៃប្រឌិតថ្មីសកល ។
បច្ចុប្បន្ននេះ ទំហំនៃការចុះឈ្មោះចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៩ លើសពី៨ម៉ឺនម៉ែត្រការ៉េ ហើយកាលពីពេលថ្មីៗនេះ ចិនបានប្រកាសគោលនយោបាយលើកលែងទិដ្ឋាការជុំថ្មី ។ នៅថ្ងៃទី១៨ ខែធ្នូខាងមុខនេះ កំពង់ផែពាណិជ្ជកម្មសេរីខេត្ត Hainan នឹងចាប់ដំណើរការនូវប្រតិបត្តិការគយឯករាជ្យនៅកោះទាំងមូល ដើម្បីរៀនតាមស្ថានភាពបើកទូលាយប្រកបដោយកម្រិតខ្ពស់បំផុតលើពិភពលោក។ល។ នេះបានបញ្ជាក់ឱ្យឃើញថា កាន់តែបើកចំហ ក៏កាន់តែទទួលការអភិវឌ្ឍ ហើយកាន់តែទទួលការអភិវឌ្ឍ ក៏កាន់តែបើកចំហដែរ ។ ដូចលោក Kishore Mahbubani សមាជិកបណ្ឌិត្យសភាចារ្យដ៏ឆ្នើមនៃវិទ្យាស្ថានស្រាវជ្រាវអាស៊ីនៃសកលវិទ្យាល័យជាតិសិង្ហបុរីបានលើកឡើងថា “ចិនមានប្រពៃណីបើកទូលាយតាំងពីបុរាណកាលមក ហើយក៏មិនអាចរារាំងបាននូវនិន្នាការបើកទូលាយរបស់ពិភពលោកបានឡើយ”៕


