ខេត្តរតនគិរី÷ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។កាលពីវេលាម៉ោង១៥និង៥នាទី ថ្ងៃទី៨ ខែវិចិ្ឆកា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨០-៨១ ត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈ ប្រេងយើងស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហមស្រុកកូនមុំ ខេត្តរតនគិរី ខណៈបើកបរក្នុងទិសដៅបញ្ច្រាសគ្នាពីកើតមកលិច។

លោកឧត្តមសេនីយ៍ត្រី ចៅ នាង ស្នងការរង ជាអ្នកនាំពាក្យស្នងការនគរបាលខេត្តបានបញ្ជាក់ថា អ្នកបើកបរម៉ូតូឈ្មោះ ប៉ុន ស្រីសរ ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ,ឃុំកើតហេតុខាងលើ មិនបានពាក់មួកសុវត្ថិភាព ស្លាប់នៅនិងកន្លែងកើតហេតុគួរឲ្យសង្វែក។
បើកបរម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IR-9797 បើកបរក្នុងទិសដៅពីលិចទៅកើត មកដល់ត្រង់ចំណុចកើតហេតុបានបត់ឆ្លងកាត់ផ្លូវចូលមកចាប់សាំងក៏ជួបនិងគ្រោះថ្នាក់ចរាចរណ៍ស្លាប់ចោលប្ដីនិងកូនមិនបានលាមួយម៉ាត់។

លោកថា រថយន្ត១គ្រឿងម៉ាក NiSAN ស៊េរីឆ្នាំ2019 ពណ៌សពាក់ស្លាកលេខភ្នំពេញ2AZ-2621 បើកបរក្នុងទិសដៅពីកើតមកលិច ស្រាប់តែម៉ូតូ១គ្រឿងខាងលើបានជិះឆ្លងកាត់ផ្លូវ ក៏ត្រូវរថយន្តបុកយ៉ាងពេញទំហឹង! អ្នកបើកបររថយន្តឈ្មោះ ស្មីភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិខ្នោរ ឃុំនាងតើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោយកើតហេតុអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ហើយបានរងការខូចខាតផ្នែកខាងមុខផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើការអន្តរាគមន៍ និងធ្វើកំណត់ហេតុប្រគល់សាកសពទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី។
ដោយឡែកម៉ូតូមធ្យោបាយទាំងពីរគ្រឿងសមត្ថកិច្ចជំនាញបានរឹបអូសយកមករក្សាទុកនៅអធិការនគរបាលស្រុកកូនមុំដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធី៕



