បណ្ឌិត ជា មុនីឫទ្ធិ ៖ សុខដុមនីយកម្មរួមគ្នាមាគ៌ាសកលនៃវឌ្ឍនភាពនិងទំនើបកម្មសង្គម

(ភ្នំពេញ)៖ ព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងវេទិកាជំនួបក្រុមបញ្ញាញាណនិងព័ត៌មានរវាងប្រទេសយើងទាំងពីរ កម្ពុជា-ចិន ក្រោមកិច្ចសហការរៀបចំរវាងសមាគមការទូតសាធារណៈរបស់ប្រទេសចិន និង រាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងជាវាគ្មិនក្នុងវេទិកានេះបានថ្លែងសុន្ទរកថាគន្លឹះស្តីពី «សុខដុមនីយកម្មរួមគ្នា៖ តភ្ជាប់កាន់តែស៊ីជម្រៅទៅវិញទៅមក លើកកម្ពស់ស្ថិរភាពក្នុងតំបន់ និង ការអភិវឌ្ឍសកលប្រកបដោយចីរភាព»។

លោកបណ្ឌិត ជា មុនីឫទ្ធិ បានរំលេចថា ស្ថិតនៅក្នុងបរិបទបច្ចុប្បន្ន ការរួបរួម សាមគ្គីភាព ភាតរភាព កល្យាណភាពដូចទៅនឹងប្រាជ្ញាចិនស្តីពី«កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ»កំពុងត្រូវការជាចាំបាច់ក្នុងការរក្សាបានលំនឹងនៃសន្តិភាពសកល និងវិបុលភាពរបស់ពិភពលោក។ លោកបណ្ឌិតក៏បានផ្តល់ឧទាហរណ៍ពីខ្លឹមសារនៃវេទិកាអន្តរជាតិលើកទី៥ស្តីពី«វប្បធម៌សុខដុមនីយកម្ម (Hehe Culture)»ដែលលោកបណ្ឌិតបានទៅចូលរួមជាវាគ្មិនកាលពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្រុងថាយចូវ ខេត្តជឺជាំង ប្រទេសចិន។

ដោយបានផ្តល់ទឡ្ហីករណ៍ពីបែបផែនចិន លោកបណ្ឌិតបានបង្ហាញយ៉ាងប្រត្យក្សថា គ្មានគំរូភាពតែមួយនោះទេ តែជាការរៀនសូត្រពីគ្នាទៅវិញទៅមក ជាការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងរង្វង់នៃពហុភាគីនិយម វប្បធម៌សុខដុមនីយកម្ម ដើម្បីសម្រេចបានគោលបំណងរួមក្នុងការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ ដោយអនុវត្តតាមប្រាជ្ញាចិនស្តីពី«វិធីបដិសំយោគសម្ភារនិយមវិចារវិទ្យា»រួមបញ្ចូលនូវមាគ៌ានៃគោលគំនិតម៉ាក្សនិយម និងជាមួយទស្សនវិជ្ជានៃទស្សនវិទូចិនដូចជា ឡៅជឺ ខុងជឺ ស៊ុនជឺ ម៉ឹងជឺជាដើម បានបង្កើនល្បឿនទំនើបកម្មសង្គមនិយមតាមបែបផែនចិន និងការលើកកម្ពស់ស្ថិរភាពសង្គមចិនដោយមិនអាចរំលងពីសន្តិសុខស្បៀង សន្តិសុខថាមពល អរិយធម៌អេកូឡូស៊ី និងគុណតម្លៃនៃការកសាងសហគមន៍រួមជីវិតឡើយ។

ជារួម ដោយឈរលើខ្លឹមសារដែលបានជម្រាបជូនអង្គវេទិកានាថ្ងៃនេះ ក្នុងនាមជាបញ្ញាវន្តជាន់ខ្ពស់ និងជាអ្នកឯកទេសស្រាវជ្រាវពីទំនាក់ទំនងកម្ពុជា-ចិន លោកបណ្ឌិតបានគូសបញ្ជាក់ថា កម្ពុជានិងចិន ក្រោម«គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» បានតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបានគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិថែមទៀតផង។ បន្ថែមពីលើនេះ ប្រទេសយើងទាំងពីរបាននិងកំពុងប្រឹងប្រែងរួមគ្នាក្នុងការតភ្ជាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ហើយវេទិកាថ្ងៃនេះជាសក្ខីភាពបញ្ជាក់ស្រាប់ពីការតភ្ជាប់រវាងក្រុមបញ្ញាញាណជាន់ខ្ពស់ ស្របពេលដែលកិច្ចបង្កើនបរិមាណទេសចរណ៍ស្របតាមឆ្នាំទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៥កំពុងត្រូវបានបង្កើនជាលំដាប់៕

Written by 

Related posts

Leave a Comment