លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថាថៃកំពុងបង្ហាញសកម្មភាពបំពានលើកិច្ចព្រមព្រៀងសន្ដិភាពជាមួយកម្ពុជា បង្កឱ្យបាត់បង់ទំនុកចិត្តក្នុងការដោះស្រាយបញ្ហាដោយសន្ដិវិធី។ ផ្តើមពីនោះ លោកបានទទូចឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ចំពោះអ្វីដែលខ្លួនបានសន្យាក្នុងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ។
យោងតាមសេចក្ដីថ្លែងការណ៍ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ប៉ែន បូណា បានលើកឡើងថា មន្ត្រីថៃកំពុងយកចំណុចដែលព្រមព្រៀងក្នុងសេចក្ដីថ្លែងការណ៍រួមធ្វើជាលក្ខខណ្ឌដោះលែងទាហានខ្មែរ និងបង្កើតលក្ខខណ្ឌថ្មីៗបន្ថែមទៀតដូចជាការចង់ប្រើកម្លាំងយោធាដណ្ដើមប្រាសាទតាក្របីជាដើម។ លោកថា ការអត្ថាធិប្បាយទាំងនេះផ្ទុយទៅនឹងខ្លឹមសារចំណុចទី៤ ដែលចែងថា ភាគីទាំងពីរបានឯកភាពគ្នាជៀសវាងការចែកចាយ ឬផ្សព្វផ្សាយព័ត៌មានមិនពិត ការចោទប្រកាន់ ការអះអាងដោយគ្មានភស្ភុតាង និងវោហាសាស្ត្រ ដែលបង្កគ្រោះថ្នាក់ទាំងតាមបណ្ដាញផ្លូវការរបស់រដ្ឋាភិបាល ឬវេទិកាក្រៅផ្លូវការដើម្បីបន្ថយភាពតានតឹង កាត់បន្ថយសតិអារម្មណ៍អវិជ្ជមានរបស់សាធារណជន និងលើកកម្ពស់បរិយាកាសអំណោយផលដល់ការសន្ទនាដោយសន្ដិវិធី។
អ្នកនាំពាក្យរូបនេះក៏បានកត់សម្គាល់ផងដែរថា តាំងពីសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមដែលមានចំណុចមួយគឺទាក់ទងនឹងការដោះលែងទាហានខ្មែរទាំង១៨នាក់មកវិញរហូតមកដល់ពេលនេះថៃនៅមិនគោរពខ្លឹមសារនៃសេចក្ដីថ្លែងការណ៍រួមនោះទេ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាអំពាវនាវដល់ថៃឱ្យគោរពឱ្យបានម៉ឺងម៉ាត់រាល់ខ្លឹមសារដែលបានចុះហត្ថលេខាជាមួយកម្ពុជា សូមបង្ហាញនូវសុចរិភាព និងភាពស្មោះត្រង់ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ៕




