មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា យើងមានអាវុធនុយក្លេអ៊ែរល្អបំផុត ហើយលោក ជាអ្នកត្រួតពិនិត្យ កែច្នៃ ជួសជុល និងសាងសង់វាឡើងវិញក្នុងរយៈពេល ៤ ឆ្នាំក្នុងនាមជាប្រធានាធិបតី។

លោក ត្រាំ បានសន្និដ្ឋានថា ហើយប្រសិនបើអាមេរិក មានឃ្លាំងអាវុធនុយក្លេអ៊ែរ គឺត្រូវតែសាកល្បងវា បើមិនដូច្នោះទេ យើងពិតជាមិនដឹងថាវាមានសមត្ថភាពដល់កម្រិតណានោះទេ។
កាលពីថ្ងៃទី ២៩ ខែតុលា លោក ត្រាំ បានណែនាំដល់មន្ទីរបញ្ចកោណឱ្យបន្តការសាកល្បងអាវុធនុយក្លេអ៊ែរជាបន្ទាន់ឡើងវិញ ក្រោយខកខានអស់រយៈពេលជាច្រើនឆ្នាំ។
លោក មិនបានបញ្ជាក់ថាលោក ចង់មានន័យយ៉ាងណា ឬថាតើវានឹងពាក់ព័ន្ធនឹងការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរឬអត់នោះទេ។
ជុំវិញការបញ្ជាឱ្យបន្តធ្វើតេស្តនុយក្លេអ៊ែរឡើងវិញនេះ នាំឱ្យប្រទេសមួយចំនួនសម្ដែងការព្រួយបារម្ភ និងមិនពេញចិត្តឱ្យសហរដ្ឋអាមេរិក ចាប់ផ្ដើមវាឡើងវិញនោះទេ៕


ដោយ៖ ពេជ្រ
