ប្រធានាធិបតីតៃវ៉ាន់លោក ឡៃ ឈីងតេ បាននិយាយ នៅថ្ងៃសុក្រនេះថា កោះនេះ មិនចង់បានគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» របស់ចិននោះទេ ហើយត្រូវតែគាំទ្រសេរីភាព និងលទ្ធិប្រជាធិបតេយ្យដែលខ្លួនតែងតែប្រកាន់យក ព្រមទាំងប្តេជ្ញាការពារខ្លួនឯង ដោយបដិសេធការស្ថិតនៅក្រោមការគ្រប់គ្រងពីក្រុងប៉េកាំង។

ប្រទេសចិន បានលើកឡើងនៅសប្តាហ៍នេះថា ខ្លួននឹងមិនច្រានចោលការប្រើប្រាស់កម្លាំងលើកោះតៃវ៉ាន់ឡើយ ហើយសន្យានឹងគ្រប់គ្រងដោយសន្តិវិធី ប្រសិនបើកោះនេះ ព្រមស្ថិតក្រោមប្រព័ន្ធស្វ័យភាព ដែលខ្លួនប្រើនៅហុងកុង និងម៉ាកាវ។
លោក ឡៃ បានលើកឡើងថា ការទទួលយកការទាមទាររបស់អ្នកឈ្លានពាន និងការបោះបង់ចោលអធិបតេយ្យភាពពិតជាមិនអាចសម្រេចបានសន្តិភាពទេ។ ដូច្នេះ យើងត្រូវតែរក្សាស្ថានភាពដើមដោយសេចក្តីថ្លៃថ្នូរ និងការតាំងចិត្ត ដោយប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការបញ្ចូលទឹកដី ការឈ្លានពាន និងការបង្រួបបង្រួមដោយបង្ខំ។
លោក បានបន្ថែមថា យើងបដិសេធ «ប្រទេសមួយ ប្រព័ន្ធពីរ» ពីព្រោះយើងនឹងគាំទ្រប្រព័ន្ធរដ្ឋធម្មនុញ្ញសេរី និងប្រជាធិបតេយ្យរបស់យើងជារៀងរហូត។
ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើការលើកឡើងនេះនោះទេ៕

ដោយ៖ ពេជ្រ

 
                                         
			 
                                 
                                