ព្រឹកថ្ងៃទី៣១ខែតុលាតាមម៉ោងក្នុងតំបន់ កិច្ចប្រជុំដំណាក់កាលទីមួយនៃសន្និសីទក្រៅផ្លូវការនៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣២បានបើកធ្វើនៅមជ្ឈមណ្ឌលសន្និសីទ Hwabaek នៃក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង ។ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំនិងថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថា 《រួមគ្នាកសាងសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកបែបបើកទូលាយដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងបរិយាប័ន្ន》 ។
លោក Xi Jinping បានលើកឡើងថា បន្ទាប់ពីការបង្កើតឡើងអស់រយៈពេលជាង៣០ឆ្នាំមក អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកបានជំរុញឱ្យតំបន់អាស៊ី-ប៉ាស៊ីហ្វិកដើរទៅជួរមុខសម្រាប់ការបើកទូលាយនិងការអភិវឌ្ឍជាសកល ដែលជំរុញឱ្យតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្លាយជាតំបន់ដែលមានកម្លាំងរស់រវើកបំផុតនៃសេដ្ឋកិច្ចសកល ។ បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មសកលដែលពុំធ្លាប់មានក្នុងរយៈពេល១រយឆ្នាំបានវិវឌ្ឍទៅមុខយ៉ាងលឿន តំបន់អាស៊ី-ប៉ាស៊ីហ្វិកបានប្រឈមមុខនឹងកត្តាអស្ថិរភាពនិងភាពមិនប្រាកដប្រជាកាន់តែច្រើនឡើងៗ ។ ប៉ុន្តែភាពលំបាកកាន់តែច្រើន គឺកាន់តែត្រូវរួមគ្នាពុះពារឧបសគ្គ ។
លោក Xi Jinping បានលើកឡើងសំណើ៥ចំណុច ។ ទីមួយ រួមគ្នាគាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ។ ទីពីរ រួមគ្នាបង្កបរិយាកាសសេដ្ឋកិច្ចបែបបើកទូលាយក្នុងតំបន់ ។ ទីបី រួមគ្នាគាំពារស្ថិរភាពនិងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ។ ទីបួន រួមគ្នាជំរុញពាណិជ្ជកម្មឌីជីថលនិងបៃតង ។ ទី៥ រួមគ្នាជំរុញការអភិវឌ្ឍដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងបរិយាប័ន្ន ។
លោក Xi Jinping បានគូសបញ្ជាក់ថា ចិនប្រកាន់ខ្ជាប់គោលនយោបាយជាតិជាមូលដ្ឋានដែលបើកទូលាយចំពោះអន្តរជាតិជាប់រហូតមក ដើម្បីជំរុញសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយតាមរយៈការអនុវត្តជាក់ស្តែង ។ កិច្ចប្រជុំពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានអនុម័តលើសំណើស្តីពីការតាក់តែងផែនការ៥ឆ្នាំទី១៥ ។ ភាគីចិននឹងចាត់ទុកប្រការនេះជាឱកាសមួយ ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយថែមមួយកម្រិតទៀត ពង្រីកការបើកទូលាយចំពោះអន្តរជាតិក្នុងកម្រិតខ្ពស់ដោយមិនងាករេ ដើម្បីផ្តល់កាលានុវត្តភាពថ្មីជាបន្តបន្ទាប់ចំពោះតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងពិភពលោកតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ៕


 
                                         
			 
                                 
                                