លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានសម្ដែងការព្រួយបារម្ភបញ្ហាកម្លាំង និងអវត្តមានកីឡាករសំខាន់ ក្នុងជំនួបកាត់ក្ដីទល់នឹងថៃ ក្រោយយកឈ្នះទីម័រខាងកើត ដោយលទ្ធផល ២-១ ក្នុងជំនួបទី៣ ពូល A នៃការប្រកួតពានរង្វាន់ Asean Cup 2024 កាលពីយប់មិញ។
យ៉ាងណាមិញមុនការប្រកួតជាមួយថៃ លោក Koji បាននិយាយថា អ្វីដែលខ្ញុំបារម្ភ គឺការបាត់បង់កម្លាំងរបស់កីឡាករយើង ដោយសារកន្លងមក គឺខ្ញុំមិនសូវដូរកីឡាករ ហើយដាក់កីឡាករដដែរៗ ដែលជាហេតុនាំឲ្យពួកគេអស់កម្លាំងខ្លាំង។ ប្រសិនជាកម្លាំង ពួកគេមិនគ្រប់គ្រាន់ ប្រហែលនឹងអាចផ្លាស់ប្ដូរច្រើន។»។ ក្រៅពីបញ្ហាកម្លាំងរបស់កីឡាករ យើងមានកីឡាករសំខាន់មួយចំនួនត្រូវអវត្តមានដូចជា ប្រធានក្រុម កាន់ ម៉ូ រួមជាមួយខ្សែបម្រើលេចធ្លោ គីម សុខយុទ្ធ សុទ្ធតែរបួស ស្របពេល យូដៃ អូកាវ៉ា រងពិន័យមួយប្រកួត ក្រោយទទួលបានកាតលឿង២។
បច្ចុប្បន្នភាព ក្នុងពូល A ក្រុមថៃ គឺជាក្រុមដែលបានកក់កៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួចជាស្រេច ដោយមាន៩ពិន្ទុដាច់គេ។ សិង្ហបុរី ឈរលេខ២ មាន៦ពិន្ទុ តាមពីក្រោយដោយកម្ពុជា ដែលមាន៤ពិន្ទុ ស្មើក្រុមលេខ៤ ម៉ាឡេស៊ី។ សិង្ហបុរី កម្ពុជា និងម៉ាឡេស៊ី ត្រូវកាត់ក្តីយកមួយក្រុមទៅវគ្គខ្វែង ក្នុងការប្រកួតចុងក្រោយ ពូល A នាថ្ងៃទី២០ ខែធ្នូ។ សិង្ហបុរី ត្រូវប្រកួតជាមួយ ម៉ាឡេស៊ី ខណៈក្រុមជម្រើសជាតិថៃ ត្រូវស្វាគមន៍ក្រុមគោព្រៃកម្ពុជា៕