យោងតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការប្រតិបត្តិនៃក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) កម្ពុជាត្រូវបានសំណូមពរឱ្យផ្លាស់ប្ដូរកាលបរិច្ឆេទធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ទៅឆ្នាំ២០៣១វិញ។

នេះបើតាមប្រសាសន៍ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្ដមបាននិងកំពុងដឹកនាំអត្តពលិកកម្ពុជាប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន។
ឯកឧត្ដមអគ្គលេខាធិការ NOCC បញ្ជាក់ថា ការសំណូមពរឱ្យលើកពេលនេះដោយសារតែក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) នឹងកែសម្រួលពេលវេលារៀបចំព្រឹត្តិការណ៍កីឡាយុវជនអាស៊ីពី៤ឆ្នាំម្ដងទៅ២ឆ្នាំម្ដងវិញ។
ឯកឧត្ដម វ៉ាត់ ចំរើន មានប្រសាសន៍បន្ថែមថា “៖ ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងពាក់ព័ន្ធទាំងអស់បានធ្វើជាម្ចាស់ផ្ទះឆ្នាំ២០៣១។ នេះក៏ជាមោទនភាពមួយទៀតដែរដែលកម្ពុជាទទួលបានការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ និងថ្នាក់ដឹកនាំចលនាកីឡាអូឡាំពិកនៅអាស៊ី ក៏ដូចជាថ្នាក់ដឹកនាំចលនាអូឡាំពិកអន្តរជាតិដែលបានផ្ដល់សេចក្ដីទុកចិត្តឱ្យកម្ពុជាបន្តត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១។”
ឯកឧត្ដម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា កម្ពុជានឹងប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងធ្វើកិច្ចការនេះឱ្យបានល្អចំពោះការលើកកម្ពស់នូវកិត្តិយស និងកិត្យានុភាពជាតិតាមរយៈកីឡា។ ក្នុងនាមប្រតិភូកីឡាកម្ពុជាដែលបានចូលរួមព្រឹត្តិការណ៍នៅបារ៉ែននេះសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទូទាំងប្រទេស និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានជំរុញទឹកចិត្ត និងគាំទ្រដល់អត្តពលិកកម្ពុជា៕អត្ថបទពី៖ Olympiccambodia

