យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍ដួលបោកក្បាលស្លាប់

ខេត្តរតនគិរី÷ យុវជនម្នាក់ជិះម៉ូតូបោះពួយយ៉ាងលឿន ជ្រុលចង្កូតទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលទៅនិងដីស្លាប់មួយរំពេច។

ករណីបង្កឡើងដោយខ្លួនឯងនេះបានកើតឡើង នៅវេលាម៉ោង១និង២១នាទីរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ តាមបណ្ដោយផ្លូវជាតិលេខ៧៦ ចន្លោះបង្គោលគីឡូម៉ែត្រ ២៩១-២៩២ ត្រង់ចំណុចចង្កេះភ្នំកូនសេក ស្ថិតក្នុងភូមិកាំផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់។
  
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ល្បាំង១ បានបញ្ជាក់ថា យុវជនម្នាក់ជិះម៉ូតូ១គ្រឿងម៉ាក ហុងដា វេវ ឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1F-9046 ធ្វើដំណើរពីជើងទៅត្បូង បើកបរដោយ ឈ្មោះ ប៉ៀល ដៀល ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ រស់នៅភូមិព្រួក(ចម្ការសាន់)ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ពាក់មួកសុវត្ថិភាព(ស្លាប់)។

មន្ត្រីនគរបាលប៉ុស្តិ៍បានបញ្ជាក់ទៀតថា យុវជនខាងលើ បានបើកបរក្នុងល្បឿនយ៉ាងលឿនបានរេចង្កូតដួលអូសជាច្រើនម៉ែត្រ ទៅបុកនិងបង្គោលស្លាកសញ្ញាចរាចរណ៍នៅចិញ្ចើមផ្លូវជាតិ បណ្តាលឲ្យបាក់ស្លាប់មួយរំពេចនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ល្បាំង១បានចុះមកដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណី។

ហើយម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ប្រគល់ទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើការជួសជុលផងដែរ៕

Written by 

Related posts

Leave a Comment