ក្រុមជម្រើសជាតិកម្ពុជា បានទទួល ៣ពិន្ទុពេញលើកដំបូង ក្រោយវាយបកយកឈ្នះក្រុមជម្រើសជាតិទីម័រខាងកើត ដោយលទ្ធផល ២-១ ក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup ឆ្នាំ២០២៤ ពូលA នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញកាលពីយប់មិញ ។
ការប្រកួតទី៣ ក្នុងពូលលើទឹកដីរបស់ខ្លួននេះ ក្រុមគោព្រៃ ត្រូវក្រុមភ្ញៀវទីម័រខាងកើត បើកការនាំមុខ ១គ្រាប់មុន នៅនាទី២២ ដែលធ្វើសម្រេចដោយកីឡាករ Joao Pedro ។ បន្ទាប់មកកម្ពុជា ក៏បានព្យាយាមដាក់សម្ពាធ រហូតរកបានគ្រាប់តាមស្មើនៅចុងវគ្គទី១ ដោយកីឡាករ ស រតនា នៅនាទី៤២ មុនសមាជិកក្រុមវិសាខាដដែល បញ្ជូនបាល់ឲ្យកីឡាករ ហាវ សុខនេត្រ បញ្ចប់ទីគ្រាប់ទី២ នៅនាទី៧៩ ដែលជាគ្រាប់បាល់ជ័យជម្នះតែម្ដង ។
ជ័យជម្នះលើកដំបូងនេះ នាំឲ្យកម្ពុជា រក្សាបានឱកាសស្ដួចស្ដើងរបស់ខ្លួន ដើម្បីអ៊ុតកៅអីវគ្គបន្ដ ដ្បិតនៅសល់ ១ប្រកួតទៀត ដោយត្រូវជួបក្រុមម្ចាស់ផ្ទះថៃ នាថ្ងៃទី២០ ខែធ្នូខាងមុខ ។ បច្ចុប្បន្នកម្ពុជា រកបាន ៤ពិន្ទុស្មើក្រុមម៉ាឡេស៊ី តាមពីក្រោយក្រុមថៃ និងសិង្ហបុរី ដែលរកបាន ៦ពិន្ទុស្មើគ្នា ខណៈពេលក្រុមទាំងកំពុងជួបគ្នា នៅទឹកដីសិង្ហបុរី នៅរាត្រីថ្ងៃអង្គារនេះ ៕