អ៊ីស្រាអែល​ ចង់ដោះ​ដូរ​អ្នក​ទោស​ជាមួយ​ក្រុម​ហាម៉ាស​ នៅ​ចុង​ខែនេះ

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃចន្ទថា អ៊ីស្រាអែលបានបង្ហាញបំណងបញ្ចប់កិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសជាមួយក្រុមហាម៉ាសប៉ាឡេស្ទីនមុនដំណាច់ខែនេះ។

កាសែត Yedioth Ahronoth ប្រចាំថ្ងៃរបស់អ៊ីស្រាអែលបានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលម្នាក់ដែលមិនបញ្ចេញឈ្មោះ ដែលបានសម្តែងសុទិដ្ឋិនិយមអំពីកិច្ចព្រមព្រៀងដ៏សក្តានុពលមួយទាក់ទងការផ្លាស់ប្តូរអ្នកទោស។

    ការទាមទារនេះស្របនឹងសេចក្តីថ្លែងការណ៍មុនពីសាជីវកម្មផ្សព្វផ្សាយសាធារណៈរបស់អ៊ីស្រាអែល (KAN) ដែលបានពិពណ៌នាអំពី វឌ្ឍនភាពដែលមិនធ្លាប់មានពីមុនមក នៅក្នុងការចរចាដោយប្រយោល ហើយក៏បានចាត់ទុកសប្តាហ៍នេះថា ជាសប្តាហ៍សំខាន់សម្រាប់កិច្ចព្រមព្រៀងមួយក្នុងការឈានទៅមានការផ្ៗស់ប្តូរអ្នកទោស។

    បច្ចុប្បន្នអ៊ីស្រាអែលឃុំឃាំងជនជាតិប៉ាឡេស្ទីនជាង ១០,៣០០ នាក់នៅក្នុងពន្ធនាគាររបស់ខ្លួន ខណៈដែលក្រុមហាម៉ាស់កំពុងឃុំខ្លួនជនជាតិអ៊ីស្រាអែលប្រហែល ១០០ នាក់នៅហ្គាហ្សា។ ក្រុម​នេះ​ធ្លាប់​បាន​និយាយ​ថា អ្នក​ជាប់​ឃុំ​រាប់​សិប​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ដោយ​មិន​រើស​មុខ។

    មន្ត្រីអ៊ីស្រាអែលដែលមិនបញ្ចេញឈ្មោះបានប្រាប់កាសែតថា គោលដៅរបស់យើងគឺដើម្បីធានាបាននូវកិច្ចព្រមព្រៀងមួយដើម្បីដោះលែងអ្នកចាប់ពង្រត់នៅតំបន់ហ្គាហ្សានៅចុងខែនេះ។ មន្ត្រីនោះបង្ហាញថា ខណៈពេលដែលលក្ខខណ្ឌភាគច្រើននៃកិច្ចព្រមព្រៀងគឺច្បាស់លាស់ ប៉ុន្តែចំណុចជាប់គាំងនៅតែមានលើសពីចំនួននៃចំណាប់ខ្មាំង ដែលភាគីពាកពន្ធ័បានចេញផ្សាយនៅដំណាក់កាលដំបូង។

    មន្ត្រីរូបនេះបាននិយាយបន្ថែមថា មានភាពខុសប្លែកគ្នាយ៉ាងខ្លាំងចំពោះចំនួនចំណាប់ខ្មាំងដែលត្រូវដោះលែង។ ក្រុមហាម៉ាស់មានឆន្ទៈក្នុងការដោះលែងក្រុមតូចមួយ ប៉ុន្តែអ៊ីស្រាអែលកំពុងជំរុញឱ្យមានការដោះលែងមានចំនួនច្រើនទ្វេដង។ លោកថា ការចរចាគឺផ្តោតលើចំនួន និងអត្តសញ្ញាណរបស់ចំណាប់ខ្មាំងដែលត្រូវដោះដូរ។

    ដោយឡែក រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Sa’ar និងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានជួបពិភាក្សាជាលក្ខណៈឯកជនកាលពីថ្ងៃច័ន្ទជាមួយលោក Adam Boehler បេសកជនទទួលបន្ទុកកិច្ចការចំណាប់ខ្មាំងរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ។ លោក  Boehler បានស្នើសុំការសម្ងាត់ទាក់ទងនឹងព័ត៌មានលម្អិតនៃកិច្ចប្រជុំនេះ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

   ចំណែកក្រុមហាម៉ាស់មិនទាន់បានធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ ប៉ុន្តែបានបង្ហាញម្តងហើយម្តងទៀតអំពីឆន្ទៈក្នុងការចរចា។ កាលពីខែឧសភា ក្រុមនេះបានទទួលយកសំណើរបស់ប្រធានាធិបតីអាមេរិក Joe Biden ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ក្រោយមកបានច្រានចោល ដោយទទូចឱ្យបន្តប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា។ យ៉ាងណាក៏ដោយ ក្រុមហាម៉ាស់បានអះអាងថា កិច្ចព្រមព្រៀងណាមួយទាមទារឱ្យមានបទឈប់បាញ់ពេញលេញ និងការដកទ័ពអ៊ីស្រាអែលចេញពីហ្គាហ្សា។

    លោក Netanyahu ប្រឈមមុខនឹងការរិះគន់ពីមេដឹកនាំបក្សប្រឆាំង និងក្រុមគ្រួសារនៃចំណាប់ខ្មាំងអ៊ីស្រាអែល ដែលបានចោទប្រកាន់គាត់ពីបទពន្យារពេលកិច្ចព្រមព្រៀងមួយដើម្បីរក្សាជំហរនយោបាយរបស់គាត់។ រដ្ឋមន្ត្រីស្តាំនិយម រួមទាំងរដ្ឋមន្ត្រីសន្តិសុខជាតិលោក Itamar Ben-Gvir និងរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Bezalel Smotrich បានគំរាមដកខ្លួនចេញពីសម្ព័ន្ធគ្រប់គ្រងរបស់លោក Netanyahu ប្រសិនបើរដ្ឋាភិបាលយល់ព្រមបញ្ចប់សង្គ្រាម។

    អ៊ីស្រាអែលបានបន្តសង្រ្គាមប្រល័យពូជសាសន៍លើតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់មនុស្សជាង ៤៥,០០០ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ចាប់តាំងពីការវាយប្រហារដោយក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ មក។

    តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនកាលពីខែមុនសម្រាប់លោក Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិរបស់គាត់ លោក Yoav Gallant ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងតំបន់ហ្គាហ្សា។

    អ៊ីស្រាអែល​ក៏​ប្រឈម​នឹង​សំណុំរឿង​ប្រល័យពូជសាសន៍​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​សម្រាប់​សង្រ្គាម​នៅ​ហ្គាហ្សាផងដែរ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment