សហគមន៍ពលរដ្ឋ,ម្ចាស់ដីនិងមន្ត្រីអាជ្ញាធរភូមិ សង្កាត់ក្រុងបានស្រុះស្រួលគ្នាបើកតម្រាយផ្លូវ១ខែ្សនៅភូមិនិងសង្កាត់អូរអំបិល

បន្ទាយមានជ័យ៖ កាលពីព្រឹកថ្ងៃទី២១ខែតុលាឆ្នាំ២០២៥  យោងតាមការសម្របសម្រួលពីលោកស្រេង សុផល អភិបាលក្រុង លោកស្រីធូ ណាគ្រី ចៅសង្កាត់និងតំណាងពលរដ្ឋផងនោះ  សហគមន៍ពលរដ្ឋ , ម្ចាស់ដីនិងមន្ត្រីអាជ្ញាធរភូមិ សង្កាត់ ក្រុងបានស្រុះស្រួលគ្នានិងធ្វើសម្បទានបើកតម្រាយផ្លូវ១ខែ្សដែលពុំធ្លាប់មាន ដើម្បីអោយប្រើប្រាសជាប្រយោជន៍សាធារណ: តាមសំណូមពរជាក់ស្តែង។

ផ្លូវនោះស្ថិតខាងជើងចំណុចទ្រខ្មែរ ជាប់របងអង្គការកុមារមេគង្គនិងជិតវិទ្យាល័យអូរអំបិល នាភូមិ/សង្កាត់អូរអំបិលក្រុងសិរីសោភ័ណ ។

ពលរដ្ឋឈ្មោះមាស ប៊ុនធឿន ម្ចាស់ដីចម្ការបានអោយដឹងថា: ថ្ងៃនេះអាជ្ញាធរចុះមកសម្របសម្រួលធ្វើផ្លូវ។ ហេតុនេះលោកនិងម្ចាស់ដីលំនៅឋាននិងចម្ការសងខាងបានបរិច្ចាគដីជូនដើម្បីអោយអាជ្ញាធរអាចធ្វើផ្លូវលើតម្រាយដែលពីមុនគ្មានផ្លូវទេ សម្រាប់ប្រយោជន៍សាធារណ: ក្នុងការធ្វើដំណើរចេញ ចូល។

លោកបន្តថា : ពោលគឺមានតែព្រំដីទល់គ្នា តែឥឡូវសម្រេចស្តាប់សំណូមពរសហគមន៍និងអាជ្ញាធរ ព្រមអោយពុះដីបើកផ្លូវព្រោះគិតថា ទី១- មានផ្លូវបន្ថែម មុនគេម្ចាស់ដីក៏បានប្រយោជន៍។ទី២- អ្នកភូមិនិងសាធារណ:ជនទទួលបានប្រយោជន៍ មានផ្លូវកាត់ធ្វើដំណើរ។

តែជាក់ស្តែងផ្លូវនេះ មិនបានត្រង់ ពេញទំហំតួទេគឺបត់បែន ។កន្លែងណា ម្ចាស់ដីបរិច្ចាគអោយច្រើនផ្លូវក៏បានធំ កន្លែងណាបរិច្ចាគតិច ផ្លូវក៏រួមតូចដូចក ដប ប៉ុន្តែសំខាន់បានផ្លូវធ្លុះពីម្ខាងទៅម្ខាង ។

ចំណែកឈ្មោះម៉ាន ជាតំណាងពលរដ្ឋទទួលផលបាននិយាយថា: ពីមុនមិនមានផ្លូវទេ តែឥឡូវពលរដ្ឋម្ចាស់ដីនិងពលរដ្ឋទទួលផលបានស្រុះស្រួលគ្នាក្នុងនាមគ្រួសារសហគមន៍ខ្មែរអ្នកភូមិផងរបងជាមួយ បើកផ្លូវនេះ ហើយនឹងរួមគ្នាជាមួយអាជ្ញាធរភូមិ សង្កាត់ ក្រុងរកថវិកា សម្ភារ: ស្ថាបនាផ្លូវនេះអោយធ្វើដំណើរបាន។

ក្នុងនាមតំណាងពលរដ្ឋ លោកសូមថ្លែងអំណរគុណម្ចាស់ព្រំដីសងខាងដែលយល់ព្រមបរិច្ចាគដីដើម្បីបើកផ្លូវ។ សូមអរគុណអាជ្ញាធរដែនដីភូមិ សង្កាត់ ក្រុងដែលជួយសម្របសម្រួលបើកផ្លូវនិងស្ថាបនាផ្លូវ ។

លោកយាយប្រម ហាច អាយុ៧៥ឆ្នាំ អោយដឹងថា: លោកយាយនិងអ្នកភូមិម្តុនេះ អរណាស់ដែលទទួលបានផ្លូវបើកថ្មី។ អ្នកភូមិ អ្នកជម្ងឺ សិស្សនឹងងាយធ្វើដំណើរផ្លូវកាត់ទៅសាលា។

លោកយាយសូមថ្លែងអំណរគុណអាជ្ញាធរនិងអ្នកពាក់ព័ន្ធដែលបានបើកផ្លូវនេះ.។

ចំពោះលទ្ធផលនេះ លោកស្រេង សុផល អភិបាលក្រុងសិរិសោភ័ណសូមថ្លែងអំណរគុណណាស់ចំពោះបងប្អូនប្រជាពលរដ្ឋម្ចាស់ដីដែលមិនត្រឹមតែបិទផ្លូវព័ទ្ធរំលោភយកដី ប៉ុន្តែបែរជាយោគយល់បើកផ្លូវនិងរុះរើសំណង់របង លះបង់ដំណាំឈើហូបផ្លែនិងបន្លែ រួចផ្តល់សម្បទានអោយអាជ្ញាធរបើកផ្លូវនិងក៏ស្របតាមសំណូមពលរដ្ឋនៅក្នុងសហគមន៍ចំណុចនោះ ចង់អោយបើកផ្លូវថ្មី។

លោកស្រេង សុផល អភិបាលក្រុងមានប្រសាសន៍ថា : មួយរយ:មកនេះ អាជ្ញាធរក៏បានសម្របសម្រួលបើកផ្លូវក្នុងតម្រាយចាស់និងផ្លូវថ្មី ចំនួន១៣ខ្សែ នៅចំណុចជាច្រើនក្នុងសង្កាត់កំពង់ស្វាយនិងផ្លូវខ្លះទៀត នៅសង្កាត់ព្រះពន្លា អូរអំបិលនិងទឹកថ្លា ដែលស្ថិតនៅភូមិសាស្ត្រកណ្តាលក្រុង ។

ផ្លូវសំខាន់រួមមាន : ផ្លូវនៅមុខសាលាក្រុង នាភូមិ២ ភូមិពង្រ ភូមិសូភី.ភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ជាច្រើនខ្សែ ។

ផ្លូវនៅប្របមាត់ស្ទឹងនិងសួនវិមានឈ្នះ ឈ្នះ ភ្ជាប់ពីស្ពានថ្មថ្មីនិងស្ពានថ្មវត្តព្រះពន្លា សង្កាត់ព្រះពន្លាជាដើម ។

ពលរដ្ឋទទួលផលនិងអាជ្ញាធរបានថ្លែងអំណរគុណម្ចាស់ដីដែលលះបង់សំណង់ ដំណាំនិងផលប្រយោជន៍ផ្សេងៗ  ក៏ដូចមន្ត្រីពាក់ព័ន្ធ ។

ពិសេសលោកនាយឧត្តមសេនីយ៍កែ គឹមយ៉ាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះពង្រឹងខេត្ត  លោក​ អ៊ុ រាត្រី អភិបាលខេត្ត អភិបាលរងខេត្តទទួលក្រុងដែលដឹកនាំ  ណែនាំអោយមន្ត្រី អ្នកពាក់ព័ន្ធឆ្លើយតបសំណូមពរ  ទុក្ខកង្វល់ពលរដ្ឋនិងអភិវឌ្ឍន៍មូលដ្ឋាន ៕

Written by 

Related posts

Leave a Comment