កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យចំនួន៤នាក់ ទៅសាលាដំបូងខេត្តពាក់ព័ន្ធ ករណីដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បន្ទាយមានជ័យ ៖ នៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើប្រតិបត្តិការបង្រ្កាបករណីដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ព្រមទាំងឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ ៖ ១-ឈ្មោះ ធី រដ្ឋា ហៅ អាក្រលិត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត (ដឹកជញ្ជូន និងប្រើប្រាស់), ២-ឈ្មោះ កែវ ពុទ្ធារ៉ុង (ហៅ តឿ/តូច) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ដឹកជញ្ជូន និងជួញដូរ), ៣-ឈ្មោះ ដឿម ជីវ័ន្ត ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកជញ្ជូន បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ដឹកជញ្ជូន), ៤-ឈ្មោះ អាង វិជ្ជា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត(ប្រើប្រាស់)។ ព្រមទាំងចាប់យកវត្ថុតាង កញ្ឆាក្រៀម ចំនួន១២ថង់ ទម្ងន់ ៤៦០០ក្រាម, ទឹកថ្នាំក្អកកូនក្មេង ចំនួន ០៩កេស ស្មើនឹង ៩៤៦ដប, ទឹកផ្លែឈើចម្រុះដបធំ ចំនួន៦៥ដប, បារីអេឡិចត្រូនិច ចំនួន៣៨ដើម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០២គ្រឿង, ឧបករណ៍ផលិតទឹកក្រាធុមមួយចំនួន , ម៉ូតូ ចំនួន ០២គ្រឿង, ទូរស័ព្ទ ចំនួន ០៣គ្រឿង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បីសួរនាំនិងចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច បានឱ្យដឹងថា ឈ្មោះ ធី រដ្ឋា ហៅ អាក្រលិត ពិតជាបាន ដឹកជញ្ជូន(កញ្ឆា) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន, ចំណែកឈ្មោះ កែវ ពុទ្ធារ៉ុង ហៅ តឿ/តូច ពិតជាបានជួញដូរ និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុ ញៀន(កញ្ឆា)ពិតប្រាកដមែន, ឈ្មោះ ដឿម ជីវ័ន្ត ពិតជាបានដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន(កញ្ឆា) ពិតប្រាកដមែន, ឈ្មោះ អាង វិជ្ជា ពិតជាបាន ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន ពិតប្រាកដមែន។

ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Written by 

Related posts

Leave a Comment