ខេត្តរតនគិរី÷ បុរសម្នាក់បានឡើងទៅលើការដ្ឋានសំណង់សាងសង់មិនទាន់រួចរាល់ដែលគេទុកចោលជាយូរហើយបានឡើងទៅជាន់ទី៦ ចងកទម្លាក់ខ្លួនមកដីស្លាប់មួយរំពេច។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង នៅវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចការដ្ឋានសាងសង់មិនទាន់រួចរាល់មួយកន្លែង ស្ថិតក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅទល់មុខការដ្ឋាននោះបានឃើញហេតុការណ៍រៀបរាប់ថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ក្នុងវ័យជិត៤០ឆ្នាំ ដើរមកពីខាងជើងទៅត្បូង មកដល់ត្រង់ចំណុចការដ្ឋាននេះបានដើររេរ៉ូចុះឡើង បានឡើងទៅលើរបងស័ង្កសីព័ទ្ធជុំវិញផ្លោះរបងចូលទៅខាងក្នុងបាត់ជ្រាប។
ប្រជាពលរដ្ឋបានបន្តទៀតថា ក្រោយមកក៏បានឃើញកូនចៅម្ចាស់ការដ្ឋានសំណង់នោះមកចាក់សោទ្វារចូលទៅដើររកអ្នកដែលបានចូលទៅខាងក្នុង ដោយជនរងគ្រោះបានឡើងទៅដល់ជាន់ទី៦ហើយ បន្ទាប់មកជនរងគ្រោះក៏បានយកកន្ទុយខ្សែពួរដែលគេបានទុកចោលនៅខាងលើ មកចងជាប់និងធ្នឹម ហើយបានយកកន្ទុយខ្សែពួរម្ខាងទៀត មកចងកទម្លាក់ខ្លួនចុះមកដីស្លាប់មួយរំពេច។
លោក យឹម សារ៉េត នាយការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តបានបញ្ជាក់ថា ក្រោយពីបានពិនិត្យនៅកន្លែងកើតហេតុឃើញថា ជនរងគ្រោះបានឡើងទៅដល់ជាន់ទី៥ និងបន្តឡើងទៅដល់ជាន់ទី៦ទៀត បានឈរចងកនិងខ្សែពួរ កន្ទុយពួរម្ខាងទៀតចងជាប់និងធ្នឹមស្នាមជើងទាំង២នៅទទឹមគ្នា ហើយបានទម្លាក់ខ្លួនចុះមកខាងក្រោមបាក់កស្លាប់តែម្តង។
លោកយឹម សារ៉េត បានបញ្ជាក់ទៀតថា បើតាមការពិនិត្យនិងសន្និដ្ឋាននៅកន្លែងកើតហេតុ ជនរងគ្រោះបានទម្លាក់ខ្លួនចុះមកដី បានតឹងក ហើយប្រកាច់ ខ្សែពួរនោះអាចកកិតនិងជ្រុងស៊ីម៉ង់ ថែមទាំងធាក់ដុំថ្មរបើកមួយដុំ ទើបបន្តធ្លាក់មកដី
ដោយជនរងគ្រោះនេះយើងមិនដឹងថាមានវិប្បដិសារី ឬក៏សតិមិនគ្រប់ ដោយអាជ្ញាធរមូលដ្ឋាននិងលោកមេប៉ុស្តិ៍ក៏មិនដែលស្គាល់ ហើយក៏មិនមែនជាអ្នកនៅក្នុងស្រុកភូមិនេះទេ អាយុប្រហែលជិត៤០ឆ្នាំប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យសពនៅកន្លែងកើតហេតុរួមមាន: កម្លាំងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រ នៃស្នងការនគរបាលខេត្ត កម្លាំងអធិការក្រុងបានលុង លោកគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត លោកចៅសង្កាត់ឡាបានសៀក និងលោកមេប៉ុស្តិ៍បានចូលរួមផងដែរ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានអាជ្ញាធរមូលដ្ឋានយកទៅតម្កល់ទុកនៅវត្តភូមិថ្មី រយៈពេលមួយថ្ងៃកន្លះ រង់ចាំសាច់ញាតិក្រុមគ្រួសារសពមកទទួលយកទៅធ្វើបុណ្យ ប៉ុន្តែមិនឃើញសាច់ញាតិមកទទួលយកក្នុងការកំណត់នោះទេ អាជ្ញាធរនិងធ្វើការបូជាហើយ៕

