ត្បូងឃ្មុំ៖ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក ប៊ូ ច័ន្ទភីរូ បានជំរុញគ្រប់ភាគីពាក់ព័ន្ធ ចូលរួមអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ចំនួនបី ដែលច្បាប់បានកំណត់ ខណៈការអនុវត្តនៅមានកម្រិតតិចតួចនៅឡើយ ក្នុងនោះ ការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្តដែលប្រកបអាជីវកម្ម, ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដឹកជញ្ជូនអ្នកដំណើរ និងការធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន។

លោក អគ្គនាយក បានថ្លែង បែបនេះនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការធានារ៉ាប់រងជាកាតព្វកិច្ច” ដែលរៀបចំដោយនិយ័តករធានារ៉ាប់រងកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅខេត្តត្បូងឃ្មុំ។
លោក ប៊ូ ច័ន្ទភីរូ បានថ្លែងថា យោងតាមច្បាប់ស្តីពីការធានារ៉ាប់រងដែលបានអនុម័តដាក់ឱ្យប្រើប្រាស់ តាំងពីឆ្នាំ ២០០០ និងបានកែសម្រួលជំនួសដោយច្បាប់ស្តីពីការធានារ៉ាប់រងនាឆ្នាំ២០១៤ បានកំណត់ជាកាតព្វកិច្ចដល់ម្ចាស់យានយន្តប្រកបអាជីវកម្ម ម្ចាស់អាជីវកម្ម ដឹកជញ្ជូនអ្នកដំណើរ និងម្ចាស់ការដ្ឋានសាងសង់ ត្រូវទិញធានារ៉ាប់រងភារៈទទួលខុសត្រូវ ចំពោះរាល់ការខូចខាតបង្កឡើងដល់តតិយជនដែលបណ្តាលមកពីសកម្មភាពរបស់ខ្លួន ។ ទន្ទឹមនោះ ច្បាប់ ក៏បានកំណត់ទោសទណ្ឌចំពោះបុគ្គលដែលល្មើសមិនអនុវត្តតាមកាតព្វកិច្ចទាំងនេះ។

លោក អគ្គនាយក បានបន្ថែមថា តាមរយៈការអង្កេត និងវាយតម្លៃរបស់និយ័តករធានារ៉ាប់រងកម្ពុជា មានកត្តាចំនួន ៣ ដែលបណ្តាលឱ្យការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចនៅមានកម្រិតទាប រួមមាន៖ ទី១).ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដែលប្រកបអាជីវកម្មដឹកជញ្ជូន និងម្ចាស់គ្មានពុំទាន់បានជ្រាបពីកាតព្វកិច្ចដែលត្រូវទិញធានារ៉ាប់រងសម្រាប់ការប្រកបអាជីវកម្ម
, ទី២). ការផ្សព្វផ្សាយពីការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចដល់សាធារណជន ព្រមទាំងតួអង្គពាក់ព័ន្ធពុំទាន់មានភាពទូលំទូលាយ និងទី៣).ក្រសួងស្ថាប័នដែលមានសមត្ថកិច្ចអនុវត្តពុំទាន់ជ្រាបច្បាស់ពីកាតព្វកិច្ចនៃការ អនុវត្តការធានារ៉ាប់រងនេះនៅឡើយ។

លោកបានបញ្ជាក់ថា ដើម្បីចូលរួមពង្រឹងការអនុវត្តច្បាប់, និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំ “ផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០” ដោយបានកំណត់យកការពង្រឹងការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ជាផែនការអាទិភាពមួយ តាមរយៈការជំរុញ ការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ។
យោងតាមរបាយការណ៍ បានឱ្យដឹងថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជា គឺជាទីផ្សារមួយ ដែលកំពុងមានការវិវត្តឆ្ពោះទៅមុខយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។ គិតត្រឹមឆ្នាំ២០២៤ ក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ កំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងទំហំបុព្វលាភដុលប្រមាណ ៣៥៧លានដុល្លារអាម៉េរិក និងទ្រព្យសកម្មសរុបប្រមាណជាង ១ប៊ីលានដុល្លារអាម៉េរិក និងមានផលិតផលសម្បូរបែប។

ទោះជាយ៉ាងណា ទំហំទីផ្សារធានារ៉ាប់រងនៅកម្ពុជា មាន កម្រិតទាប បើធៀបនឹងទីផ្សារនានាក្នុងតំបន់ ដែលបណ្តាលមកពីកត្តាមួយចំនួន ដូចជា កង្វះការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងកង្វះការយល់ដឹងរបស់ស្ថាប័នមានសមត្ថកិច្ចអំពីការធានារ៉ាប់រងជាកាតព្វកិច្ច ដែលការណ៍នេះបណ្តាលឱ្យកិច្ចសហការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច មិនទាន់សកម្ម និងមុតស្រួច ដូចដែលបាន កំណត់ដោយច្បាប់ជាធរមាន៕


