មនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ កាលពីថ្ងៃសុក្រ និង ១៩ នាក់ផ្សេងទៀតបានរងរបួស ខណៈដែលរថយន្តក្រុងមួយគ្រឿង ជួបឧបទ្ទវហេតុធ្លាក់ចូលក្នុងជ្រលងភ្នំ នៅក្នុងខេត្ត Khorasan Razavi ភាគឦសាននៃប្រទេសអ៊ីរ៉ង់។

ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Fars រាយការណ៍ដោយដកស្រង់សម្តីលោក Amanollah Khedmatgozar អភិបាលខេត្ត ដែលឱ្យដឹងថា ឡានក្រុងនេះ ដឹកអ្នកឡើងភ្នំចំនួន ២០នាក់ មុនជួបឧបទ្ទវហេតុធ្លាក់ចេញពីផ្លូវ។
លោក Khedmatgozar បានបន្ថែមថា អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទរពេទ្យក្បែរនោះ ខណៈការស៊ើបអង្កេតបឋមបង្ហាញថា តៃកុងបាត់បង់ការគ្រប់គ្រងរថយន្ត ទើបនាំឱ្យរថយន្តជួបឧប្បត្តិហេតុនេះ។
ខេត្ត Khorasan Razavi គឺជាតំបន់ភ្នំមួយក្នុងប្រទេសអ៊ីរ៉ង់ ដែលមានកំពូលភ្នំជាច្រើនពេញនិយមសម្រាប់អ្នកឡើងភ្នំ៕

ដោយ៖ ពេជ្រ