ក្រុមមន្ត្រី បាននិយាយថា មនុស្សយ៉ាងហោចណាស់ ២០ នាក់ស្លាប់ កាលពីថ្ងៃអង្គារ បន្ទាប់ពីរថយន្តក្រុងឯកជនមួយគ្រឿង ជួបហេតុការណ៍ឆាបឆេះនៅក្នុងរដ្ឋ Rajasthan ភាគខាងលិចប្រទេសឥណ្ឌា។

អាជ្ញាធរ បញ្ជាក់ថា ការឆាបឆេះនេះ នៅលើផ្លូវក្បែរភូមិ Thaiyat ក្នុងស្រុក Jaisalmer ប្រហែល ៥៤៨ គីឡូម៉ែត្រភាគខាងលិចទីក្រុង Jaipur រដ្ឋធានី Rajasthan ។
ក្រុមមន្ត្រី បានឱ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរចំនួន ៥៧នាក់ ធ្វើដំណើរលើផ្លូវហាយវេ ខណៈភ្លាមៗគេឃើញមានផ្សែងហុយចេញពីផ្នែកខាងក្រោយនៃរថយន្ត។
យោងតាម មន្ត្រី បន្តថា អំឡុងពេលនោះតៃកុង ក៏ឈប់រថយន្ត ហើយអណ្តាតភ្លើងក៏ចាប់ផ្ដើមឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យអ្នកដំណើរនៅលើយន្តហោះជាប់គាំង។ ស្ថានភាពអ្នករបួសមួយចំនួន ត្រូវបានគេបញ្ជាក់ថា មានសភាពធ្ងន់ធ្ងរ។
មូលហេតុនៃការឆេះនេះ មិនទាន់ដឹងនៅឡើយនោះទេ។ ទោះជាយ៉ាងណា ប៉ូលិសសង្ស័យថា អាចមានការឆ្លងខ្សែភ្លើង ទើបបណ្តាលឱ្យមានការឆាបឆេះ៕

ដោយ៖ ពេជ្រ