ជនជាតិព្រៅម្នាក់បើកបរម៉ូតូបញ្ច្រាសទិសបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹងបណ្ដាលឲ្យរបួសធ្ងន់ធ្ងរ

ខេត្តរតនគីរី÷ យុវជនជាជនជាតិព្រៅម្នាក់ បានជិះម៉ូតូបញ្ច្រាសចរាចរណ៍ទៅបុកម៉ូតូ១គ្រឿងកំពុងធ្វើចរាចរណ៍ បណ្តាលឲ្យបុរសនោះរងរបួសធ្ងន់ត្រង់ក្បាលធ្ងន់ធ្ងរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្លូវបំបែកជាបួន នៃមន្ទីរគណបក្សខេត្តរតនគិរី ស្ថិតក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

នាយការិយាល័យនគរបាលចរាចរណ៍ខេត្តលោក ម៉ា សំអាតបានបញ្ជាក់ថា យុវជនម្នាក់ជិះម៉ូតូ១គ្រឿងម៉ាក​ Wave ពណ៌ទឹកប៊ិច ស៊េរីឆ្នាំ២០២៥ គ្មានស្លាកលេខ បើកបរដោយឈ្មោះ សុងខាម សីហា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិព្រៅ មុខរបរជាសិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិសញ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី រងរបួសស្រាលបើកបរក្នុងទិស​ដៅបញ្ច្រាសពីលិចទៅកើត ចូលក្នុងគន្លងផ្លូវរបស់ជនរងគ្រោះ បានបុកយ៉ាងពេញទំហឹង។អ្នករួមដំណើរជាមួយឈ្មោះ ក្ដឺស់ ជ្រៃ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិព្រៅ មុខរបរពលរដ្ឋ មានទីលំនៅភូមិ,ឃុំជាមួយគ្នារបួសស្រាល។

លោកបានបញ្ជាក់ទៀតថា ជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1O-8537 អ្នកបើកបរឈ្មោះ អំ ហុី ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប មានទីបច្ចុប្បន្ន ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង  ខេត្តរតនគិរី របួសធ្ងន់ត្រង់ក្បាលផ្នែកខាងក្រោយ ដោយមិនមានពាក់មួកសុវត្ថិភាព។បើកបរក្នុងទិសដៅពីត្បូងបត់ទៅខាងលិច ក៏ត្រូវម៉ូតូខាងលើនោះមកបុកយ៉ាងពេញទំហឹងតែម្តង បណ្ដាលឲ្យបោកក្បាលទៅនិងផ្លូវថ្នល់ហូរឈាមពេញផ្លូវ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញនៃចរាចរណ៍ខេត្តបានចុះមកធ្វើការអន្តរាគមន៍ដឹកបញ្ជូនជនរងគ្រោះតាមរថយន្តសាមុយរបស់ស្នងការនគរបាលខេត្ត យកទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីជួយសង្គ្រោះបន្ទាន់។

បច្ចុប្បន្ន មធ្យោបាយទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុដកហូតបណ្ដោះអាសន្ន យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

Written by 

Related posts

Leave a Comment