ចលនាហាម៉ាស់ប៉ាឡេស្ទីន បានបង្ហាញការឆ្លើយតបចំពោះផែនការរបស់លោក ដូណាល់ ត្រាំ សម្រាប់ការដោះស្រាយជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប ទៅកាន់អ្នកសម្រុះសម្រួល ដោយប្រកាសត្រៀមខ្លួនរួចជាស្រេចក្នុងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅរស់ទាំងអស់ និងប្រគល់សាកសពអ្នកដែលត្រូវបានសម្លាប់។

ក្រុមនេះ បានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញ Telegram ថា ចលនាប្រកាសការយល់ព្រមរបស់ខ្លួនក្នុងការដោះលែងចំណាប់ខ្មាំងទាំងនៅរស់ និងនៅសល់ ស្របតាមលក្ខខណ្ឌនៃសំណើរបស់លោកប្រធានាធិបតី ត្រាំ ជាមួយនឹងលក្ខខណ្ឌចាំបាច់ សម្រាប់ឈានដល់ការបញ្ចប់ជម្លោះ។
ក្រុម បានសង្កត់ធ្ងន់ថា ខ្លួនបានត្រៀមលក្ខណៈ ដើម្បីចូលសម្រេចចិត្តភ្លាមៗ តាមរយៈអ្នកសម្រុះសម្រួល ក្នុងការចរចា ដើម្បីពិភាក្សាលម្អិត។
ប្រមុខក្រុមហាម៉ាស ក៏បានកត់សម្គាល់ថា ចំពោះបញ្ហាផ្សេងទៀតដែលរួមបញ្ចូលនៅក្នុងសំណើរបស់ប្រធានាធិបតី ត្រាំ ទាក់ទងនឹងអនាគតនៃតំបន់ហ្គាហ្សា និងសិទ្ធិមិនអាចកាត់ផ្តាច់បានរបស់ប្រជាជនប៉ាឡេស្ទីន នេះត្រូវបានចងភ្ជាប់ទៅនឹងជំហរជាតិរួម ផងដែរ។
គួរបញ្ជាក់ថា នេះជាការឆ្លើយតបរបស់ក្រុមហាម៉ាស ទៅនឹងសំណើសន្តិភាពនៅហ្គាហ្សា ដែលស្នើឡើងដោយលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ ៕

ដោយ៖ ពេជ្រ