លោក Pep Muñoz អតីតគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង ត្រូវបានក្លិប Shenzhen Peng City របស់លីគកំពូលចិនចែកផ្លូវគ្នាកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៥ បន្ទាប់ពីលោកបានទៅដឹកនាំនៅទៅនោះជិត ៣ ខែ។

បន្ទាប់ពីចែកគ្នាផ្លូវការ លោកបានប្រាប់ថា វាជាបទពិសោធដ៏លំបាកនៅប្រទេសចិន ប៉ុន្តែលោកតែងតែស្ថិតនៅក្នុងផ្លូវវិជ្ជមានរហូត ពីព្រោះបាល់ទាត់គឺបែបនេះ។ ឥឡូវនេះ លោកត្រូវទៅប្រទេសអេស្ប៉ាញដើម្បីជួបជុំក្រុមគ្រួសារ»។
នៅពេលសួរអំពីការងារបន្ទាប់ ខណៈមានអ្នកគាំទ្រច្រើនពេញការងាររបស់លោកកន្លងមក លោក Pep Muñoz បានប្រាប់ថា ៖«ចំពោះការងារបន្ទាប់ ខ្ញុំបើកចំហរសម្រាប់ការងារថ្មី។ ពិតណាស់ ដូចលោកបានលើកឡើងអ៉ីចឹង ខ្ញុំស្គាល់ច្បាស់ពីបាល់ទាត់កម្ពុជា ហើយក៏ធ្លាប់មានបទពិសោធដឹកនាំក្រុមជម្រើសជាតិចិនកាលពីមុនដែរ។ វាជាតួនាទីមួយដែលខ្ញុំចូលចិត្ត ហើយពិតជាកិត្តិយសធំសម្រាប់ បើបានការងារបែបនេះ។
លោកបានបន្ថែមថា ៖«ប៉ុន្តែឥឡូវនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ស្ថិតនៅក្នុងការគ្រប់គ្រងល្អហើយ។ ខ្ញុំជូនពរឲ្យពួកគេទទួលបានជោគជ័យ។ កម្ពុជាតែងតែធ្វើល្អដាក់ខ្ញុំ ហើយខ្ញុំតែងតែស្តាប់ដំណឹងពីពួកគេ ប្រសិនបើត្រូវការខ្ញុំ»។
បុរសសញ្ជាតិអេស្ប៉ាញរូបនេះបានដឹកនាំក្លិបព្រះខ័នរាជស្វាយរៀង ពីររដូវកាលដ៏ជោគជ័យដោយឈ្នះជើងឯកលីគកំពូលកម្ពុជា ២ លើក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ២ លើក ពានរង្វាន់ខេមបូឌានស៊ុបភើខាប់ ១ លើក និងជើងឯករងពានរង្វាន់អាស៊ីកម្រិតទី៣ AFC Challenge League មុនចាកចេញទៅដឹកនាំក្លិបនៅលីគកំពូលចិន៕(ដកស្រុងពីកម្ពុជាថ្មី)
