រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានឲ្យដឹងថា ពួកគេបានកោះហៅលោកប្រធានាធិបតី Yoon Suk-yeol ជាលាយលក្ខណ៍អក្សរកាលពីថ្ងៃអាទិត្យ ដើម្បីសាកសួរជុំវិញការប្រកាសច្បាប់អាជ្ញាសឹក ប៉ុន្តែគាត់បានបដិសេធមិនធ្វើតាមការកោះហៅនោះទេ។ មន្ត្រីអយ្យការនិយាយថា ពួកគេគ្រោងនឹងបញ្ជូនដីកាកោះហៅ Yoon ម្ដងទៀតនៅព្រឹកថ្ងៃចន្ទនេះ។
ចំណាត់ការនេះកើតឡើងបន្ទាប់ពីសមាជិកសភាបានបោះឆ្នោតចោទប្រកាន់ប្រធានាធិបតីកាលពីថ្ងៃសៅរ៍។ ចាប់តាំងពីពេលនោះមក នាយករដ្ឋមន្ត្រី Han Duck-soo បានកាន់តួនាទីជាប្រធានាធិបតីស្តីទី។
លោក Han បាននិយាយតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃអាទិត្យ។ អ្នកទាំងពីរបានបញ្ជាក់ជាថ្មីនូវការពង្រឹងសម្ព័ន្ធភាពទ្វេភាគីបន្តទៀត។
លោក Lee Jae-myung មេដឹកនាំគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏ធំបំផុតរបស់កូរ៉េខាងត្បូង កំពុងអំពាវនាវឱ្យមានការបង្កើតស្ថាប័នពិគ្រោះយោបល់មួយ ដែលសភា និងរដ្ឋាភិបាលអាចធ្វើការជាមួយគ្នាបាន។ ក្រុមអ្នកសង្កេតការណ៍និយាយថា លោក Lee មានគោលបំណងផ្តួចផ្តើមគំនិតក្នុងការដឹកនាំរដ្ឋាភិបាលដោយសម្លឹងមើលយុទ្ធនាការប្រធានាធិបតីដែលអាចធ្វើទៅបាន។
តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងនឹងសម្រេចក្នុងរយៈពេល ១៨០ ថ្ងៃថាតើការចោទប្រកាន់របស់លោក Yoon គឺត្រឹមត្រូវឬយុត្តិធម៌ដែរឬយ៉ាងណា។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកំពុងរាយការណ៍ពីទស្សនៈផ្សេងៗគ្នាអំពីរបៀបដែលដំណើរការតុលាការនឹងដំណើរការបន្តជុំវិញករណីនេះ។ កាសែតឈានមុខ Dong-A Ilbo បាននិយាយថា តុលាការអាចនឹងបញ្ចប់ដំណើរការនីតិវិធីបានយ៉ាងឆាប់រហ័ស ដោយសារករណីនេះមានភាពយុត្តិធម៌។ កាសែតនេះគឺសំដៅទៅលើសំណុំរឿងចោទប្រកាន់ឆ្នាំ ២០១៦ ប្រឆាំងនឹងប្រធានាធិបតីប៉ាក់ គុនហេ ដែលត្រូវចំណាយពេល ៩១ ថ្ងៃប៉ុណ្ណោះដែលការសម្រេចនោះបានចូលជាធរមាន។ ប៉ុន្តែរបាយការណ៍និយាយថាដំណើរការអាចត្រូវការពេលវេលាប្រសិនបើលោក Yoon ហៅសាក្សីមួយចំនួនមកឆ្លើយបំភ្លឺជាបន្តបន្ទាប់តាមនិតិវិធី៕
ដោយ៖ ពេជ្រ