ខេត្តរតនគិរី÷ ជនជាតិគ្រឹងម្នាក់បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នត្រង់ចំណុចផ្លូវកោង បានជ្រុលចង្កូតទៅបុកនិងរថយន្តកូរ៉ូឡាយ៉ាងពេញទំហឹង បណ្ដាលឲ្យខ្ទៀតនៅចិញ្ចើមផ្លូវរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោង១២និង៤៥នាទីរសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុចវាលរំប្លង់ ស្ថិតក្នុងភូមិតង់កាម៉ាល់ ឃុំអូរជុំ ស្រុកអូរជុំ។
លោកវរសេនីយ៍ឯក ម៉ៅ ភារម្យ នាយរងការិយាល័យនគរបាលចរាចរណ៍ខេត្ត បានបញ្ជាក់ថា អ្នកបើកបររថយន្តឈ្មោះ ធី ចិត្រ អាយុ៣៩ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ របួសស្រាល បើកបររថយន្ត១គ្រឿងម៉ាក camry corolla ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ2A-0987ខណ:បើកបរក្នុងទិសដៅពីត្បូងមកជើង ត្រូវបានម៉ូតូ១គ្រឿងបុកចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតផ្នែករថយន្តខាងមុខយ៉ាងដំណំ។
អ្នករួមដំណើរឈ្មោះ ចិង រុំ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិគ្រឹង របួសស្រាល។អ្នកទាំង២រស់នៅភូមិល្អក់២ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។

រីឯម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ2017 ពណ៌ខ្មៅ ពាក់ស្លាកលេខរតនគិរី1F-2011 បើកបរដោយយុវជនម្នាក់ឈ្មោះ យ៉ែម លីហេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិល្អក់២ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី របួសធ្ងន់(បាក់ជើងខាងឆ្វេងនិងបែកថ្ងាសចិញ្ចើម) បើកបរម៉ូតូក្នុងទិសដៅពីជើងមកត្បូងដោយមិនប្រកាន់ស្ដាំ បានជ្រុលចង្កូតទៅបុកនិងរថយន្តពេញទំហឹងផ្លោងនៅចិញ្ចើមផ្លូវ ម៉ូតូបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
លោកវរសេនីយ៍ឯក ម៉ៅ ភារម្យ បានបញ្ជាក់ទៀតថា ដោយមូលហេតុអ្នកបើកបរម៉ូតូប្រើប្រាស់ល្បឿនលឿនក្នុងស្ថានភាពផ្លូវកោង ក៏បានជ្រុលចង្កូតទៅបុកនិងរថយន្ដកំពុងបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការអន្តរាគមន៍ភ្លាមដឹកបញ្ជូនអ្នករបួសទាំង៣នាក់ តាមរថយន្តសាមុយសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែកខេត្ដរតនគិរី។
បច្ចុប្បន្នមធ្យោបាយទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចជំនាញធ្វើការរឹបអូសយកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននរបាលស្រុកអូរជុំ ដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

