សមត្ថកិច្ចជំនាញបានដុតកម្ទេចចោលសាច់បង្កកខូចគុណភាពជាង២៦តោន ខណដែលសាច់បង្កកទាំងអស់នោះ ត្រូវបានមន្រ្តីជំនាញរកឃើញ និងរឹបអូសពីទីតាំងស្តុកសាច់បង្កកចម្រុះ២កន្លែង និងពីរថយន្ត១គ្រឿងនៅរាជធានីភ្នំពេញនាពេលថ្មីៗនេះ។
ការដុតកម្ទេចចោលនេះធ្វើឡើងនាព្រឹក ថ្ងៃព្រហស្បតិ៍ទី១៨ ខែកញ្ញានេះ នៅក្នុងទីលានចាក់សំរាមខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ ដោយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមកិច្ចសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ និងមានការចូលរួមពីសមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជា។
ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានឱ្យដឹងថា សាច់បង្កកទាំងនោះសរុបមានសរុបចំនួន ២៦ ១៦០គីឡូក្រាម ក្នុងនោះរួមមាន៖ ឆ្អឹងជំនីជ្រូក សសៃគ គូទមាន់ ខ្លាញ់ជ្រូក ស្លាបមាន់ សាច់មាន់កិន សាច់គោ សាច់ជ្រូក និងសសៃជើងមាន់ជាដើម៕

