វ៉េណេស៊ុយអេឡា ត្រៀមនឹងបង្កើនវត្ដមានកងទ័ពនៅក្នុងរដ្ឋជាប់មាត់សមុទ្រ និងព្រំដែន ចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយសហរដ្ឋអាមេរិក។

ផែនការនេះ កើតឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានបញ្ជូននាវាចម្បាំងជាច្រើនទៅកាន់តំបន់ការាបៀនភាគខាងត្បូង កាលពីខែមុននៅក្នុងអ្វីដែលពិពណ៌នាថាជាប្រតិបត្តិការប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន ដែលភាគច្រើនមកពីវ៉េណេស៊ុយអេឡា។
យោងតាម រដ្ឋមន្ត្រីការពារជាតិវ៉េណេស៊ុយអេឡា លោក Vladimir Padrino Lopez បានប្រកាស កាលពីថ្ងៃអាទិត្យថា មានការបញ្ជាពីលោកប្រធានាធិបតី Nicolas Maduro ឱ្យដាក់ពង្រាយកងទ័ព និងសព្វាវុធ “ដែលមានទាំងអស់” ទៅកាន់រដ្ឋ Zulia, Falcon, Nueva Esparta, Sucre និង Delta Amacuro ។

លោក បានបន្ថែមថា យើងនឹងបង្កើនការដាក់ពង្រាយកងទ័ពពីប្រហែល ១០,០០០ ទៅ ២៥,០០០នាក់ ។ កាលពីខែមុន វ៉េណេហ្ស៊ុយអេឡា ក៏បានពង្រាយទ័ព ១៥,០០០នាក់ ទៅព្រំដែនជាមួយប្រទេសកូឡុំប៊ី។
ការដាក់ពង្រាយចុងក្រោយនេះ កើតឡើងចំពេលដែលមានភាពតានតឹងកើនឡើងជាច្រើនសប្តាហ៍ជាមួយនឹងក្រុងវ៉ាស៊ីនតោន។ សហរដ្ឋអាមេរិក បានចល័តនាវាចម្បាំងចំនួន ៣ គ្រឿង និងទាហានប្រហែល ៤,០០០ នាក់ ទៅកាន់តំបន់ការាបៀនភាគខាងត្បូង ដោយអះអាងថា ប្រតិបត្តិការនេះមានគោលបំណងប្រឆាំងក្រុមជួញដូរគ្រឿងញៀន ប៉ុណ្ណោះ៕

ដោយ៖ ពេជ្រ