ក្រុមហាម៉ាស បានប្រកាសពីការត្រៀមខ្លួនរួចរាល់សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងកិច្ចចរចាដោះលែងចំណាប់ខ្មាំងភ្លាមៗ ជាមួយអ៊ីស្រាអែល។

យោងតាមសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះដោយក្រុមនេះ បានលើកឡើងថា ក្រុមត្រៀមខ្លួនជាស្រេចអង្គុយនៅតុចរចា ដើម្បីពិភាក្សាអំពីការដោះលែងអ្នកទោសទាំងអស់ជាថ្នូរនឹងការប្រកាសច្បាស់លាស់មួយដើម្បីបញ្ចប់សង្រ្គាម ការដកខ្លួនទាំងស្រុងចេញពីតំបន់ហ្គាហ្សាស្ទ្រីប និងការបង្កើតរដ្ឋាភិបាលប៉ាឡេស្ទីនឯករាជ្យនៅក្នុងពេលដំណាលតែម្ដង។
ថ្នាក់ដឹកនាំក្រុមហាម៉ាស់ ក៏បានបញ្ជាក់ផងដែរថា ខ្លួនបានទទួលនូវគំនិតមួយចំនួនពីទីក្រុងវ៉ាស៊ីនតោន ក្នុងគោលបំណងឈានដល់បទឈប់បាញ់នៅតំបន់ហ្គាហ្សា ហើយសង្កត់ធ្ងន់ថា ក្រុមហាម៉ាស ស្វាគមន៍រាល់គំនិតផ្តួចផ្តើមដែលជួយដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការឈ្លានពាន។

ទន្ទឹមនោះ ក្រុមនេះ ក៏បានទាមទារការធានាថាអ៊ីស្រាអែល នឹងបំពេញកាតព្វកិច្ចក្រោមកិច្ចព្រមព្រៀងឈប់បាញ់ និងសហការជាមួយអ្នកសម្រុះសម្រួល ដើម្បីដោះស្រាយកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាមទារឱ្យក្រុមហាម៉ាស់ ទទួលយកលក្ខខណ្ឌរបស់លោក សម្រាប់ការដោះស្រាយជម្លោះនៅតំបន់ហ្គាហ្សា នៅក្នុងអ្វីដែលលោក ហៅថាវិធានការចុងក្រោយដែលលោក ដាក់ចេញ៕

ដោយ៖ ពេជ្រ