បទវិភាគ៖ការលើកឡើងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលគឺចំពេលល្អ អាចបង្ហាញពីទិសដៅនិងបញ្ជាក់ពីទំនួលខុសត្រូវ

“នេះជាផលិតផលសាធារណៈដ៏សំខាន់មួយដែលប្រទេសចិនផ្តល់ជូនពិភពលោក បន្ទាប់ពីគំនិតផ្តួចផ្តើមសកលទាំងបី ” “គំនិតផ្តួចផ្តើមថ្មីមួយនេះ មានសារសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមលើវិស័យអភិបាលកិច្ចសកលនាពេលបច្ចុប្បន្ន ” ។ល។ មជ្ឈដ្ឋានមតិអន្តរជាតិបានចាប់អារម្មណ៍យ៉ាងខ្លាំងលើគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលដែលលោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងជាលើកដំបូងក្នុងកិច្ចប្រជុំ “អង្គការសហប្រតិបត្តិការសៀងហៃ+” នៅក្រុងធៀនជីនប្រទេសចិនកាលពីថ្ងៃទី១ ខែកញ្ញា។ កិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃដែលបើកធ្វើនៅថ្ងៃដដែល បានទទួលផ្លែផ្កាគួរឱ្យកត់សម្គាល់ ប្រការនេះបានបង្ហាញយ៉ាងរស់រវើកនូវកម្លាំងជីវិតនិងកម្លាំងអំពាវនាវរបស់គំនិតផ្តួចផ្តើមនេះ ។

ក្នុងកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃនៅក្រុងធៀនជីន លោក Xi  Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលជាលើកដំបូង ដោយបានគូសបញ្ជាក់ថា គួរប្រកាន់ខ្ជាប់នូវសមភាពនៃអធិបតេយ្យភាព គោរពនីតិរដ្ឋអន្តរជាតិ អនុវត្តពហុភាគីនិយម  ផ្តួចផ្តើមឱ្យតម្កល់ទុកប្រជាជនជាចម្បង និងផ្តោតលើការអនុវត្តជាក់ស្តែង ។ អាចឃើញថា ទស្សនៈទាំង៥ចំណុចនេះបានពាក់ព័ន្ធដល់បុរេលក្ខខណ្ឌ ការធានាពីឬសគល់ មធ្យោយបាយជាមូលដ្ឋាន គុណតម្លៃ គោលការណ៍ដ៏សំខាន់របស់អភិបាលកិច្ចសកល  ជាការបន្តពីធម្មនុញ្ញនិងគោលការណ៍អង្គការសហប្រជាជាតិ ហើយសមស្របនឹងក្តីរំពឹងទុករួមរបស់ប្រទេសភាគច្រើន ។ លោក Aleksandr Lukashenko ប្រធានាធិបតីបេឡារុសបានថ្លែងថា យល់ព្រមទាំងស្រុងនិងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដោយសារនេះជាគន្លឹះសម្រាប់ដោះស្រាយបញ្ហាក្នុងប្រព័ន្ធអភិបាលកិច្ចសកលបច្ចុប្បន្ន ។

 ក្នុងនាមជាអង្គការក្នុងតំបន់ធំជាងគេនៅលើពិភពលោក  អង្គការសហប្រតិបត្តិការសៀងហៃបានអនុវត្ត “ស្មារតីសៀងហៃ”ជាប់ជានិច្ចតាំងពីបានបង្កើតឡើងអស់រយៈពេល២៤ឆ្នាំ ហើយបានធ្វើការស្វែងរកដ៏មានប្រយោជន៍និងបូកសរុបបទពិសោធក្នុងការបង្កើតទំនាក់ទំនងអន្តរជាតិបែបថ្មី និងជំរុញការបង្កើតសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ ។ អ្នកវិភាគបានសម្គាល់ឃើញថា ប្រទេសចិនលើកឡើងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃនៅក្រុងធៀនជីន គឺមានសារសំខាន់ពិសេស ប្រការនេះបានផ្តល់កី្តសង្ឃឹមដល់អង្គការសហប្រតិបត្តិការសៀងហៃឱ្យដើរតួនាទីកាន់តែធំក្នុងការជំរុញអភិបាលកិច្ចសកលឱ្យកាន់តែល្អប្រសើរនិងមានសុក្រឹតភាព។

 ពីផ្តួចផ្តើមឱ្យបង្កើតសេដ្ឋកិច្ចសកលបែបបើកទូលាយ ដល់ជំរុញការដោះស្រាយបញ្ហាអន្តរជាតិជាចំណុចក្តៅ ពីជំរុញការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម ដល់ផ្តួចផ្តើមឱ្យបង្កើតអង្គការសហប្រតិបតិ្តការលើវិស័យបញ្ញាសិប្បនិម្មិត ប៉ុន្មានឆ្នាំចុងក្រោយនេះ នៅតាមផ្លូវធ្វើកំណែទម្រង់និងសុក្រឹតភាពប្រព័ន្ធអភិបាលកិច្ចសកល ប្រទេសចិនជាអ្នកផ្តួចផ្តើមគំនិតផង ហើយក៏ជាអ្នកអនុវត្តជាក់ស្តែងផង ។ ការលើកឡើងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលលើកនេះ មិនត្រឹមតែជាសមិទ្ធផលដ៏សំខាន់របស់កិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃនៅក្រុងធៀនជីនប៉ុណ្ណោះទេ ក៏បានបង្ហាញពីការអភិវឌ្ឍស្របទៅតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសចិនក្នុងន័យជំរុញកំណែទម្រង់និងសុក្រឹតភាពនៃប្រព័ន្ធអភិបាលកិច្ចសកល ក៏ដូចជាបានផ្តល់មធ្យោបាយនិងចង្អុលបង្ហាញពីទិសដៅដល់ពិភពលោក ដើម្បីដោះស្រាយបញ្ហាប្រឈមរួមរបស់មនុស្សជាតិ និងកសាងពិភពលោកដែលឱ្យមនុស្សគ្រប់រូបរស់នៅប្រកបដោយភាពសុខដុមរមនា ៕

Written by 

Related posts

Leave a Comment