កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជា បានបើកសន្និសីទសារព័ត៌មានស្ដីពីដំណើរការណ៍រៀបចំពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩-២២ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមប្រធានបទ៖ «អ្នកអាន ជាអ្នករៀនពេញមួយជីវិត»។ ពិព័រណ៍នេះ ធ្វើឡើងនៅទីតាំងបរិវេណមុខសួនច្បារសាលាបុរីកោះពេជ្រ រាជធានីភ្នំពេញដើម្បីជំរុញការអានសៀវភៅ អភិវឌ្ឍចំណេះដឹង និងបង្កើនគំនិតសម្រាប់ការសិក្សា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត គឹម ពីនន់ អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងមានការអញ្ជើញចូលរួមពីឯកឧត្តម សុខ ឫទ្ធី លោក ហុក សុទ្ធិ តំណាងគណៈកម្មការពិព័រណ៍សៀវភៅកម្ពុជា លោក ព្រំ វិទូ តំណាងក្រុម Tiger Balm លោក ណូ ច័ន្ទណារ៉ា តំណាងក្រុមហ៊ុន OCIC ព្រមទាំងក្រុមការងារ និងអ្នកសារព័ត៌មានជាច្រើននាក់។
ពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ មានគោលដៅដូចជា៖
១- ជួយផ្សព្វផ្សាយការបោះពុម្ពសៀវភៅគ្រប់ប្រភេទ (ទាំងស្នាដៃអ្នកនិពន្ធចាស់ថ្មី) ដើម្បីឱ្យមានទីផ្សារទាំងក្នុងនិងក្រៅប្រទេស។
២- ជំរុញឱ្យប្រជាជនខ្មែរមានទម្លាប់ក្នុងការអានសៀវភៅហើយជាសារមួយបញ្ជូនទៅដល់យុវជនឱ្យស្គាល់ពីគុណតម្លៃនៃការអានដើម្បីអភិវឌ្ឍន៍ចំណេះដឹងនិងបង្កើនគំនិតសម្រាប់ ការសិក្សានិងការងារ។
៣- បង្កើនកម្មវិធីនិទានរឿងនិងគូរគំនូររូបភាពផ្សេងៗដល់កុមារដើម្បីបណ្តុះទឹកចិត្តកុមារឱ្យស្រលាញ់និងចូលចិត្តសៀវភៅតាំងពីនៅតូចៗ
៤- គាំទ្រឧស្សាហកម្មបោះពុម្ពផ្សាយនៅកម្ពុជានិងនៅក្នុងពិភពលោក
៥- លើកទឹកចិត្តកវីនិពន្ធ អ្នកនិពន្ធ អ្នកស្រាវជ្រាវ វិចិត្រករខ្មែរ ដើម្បីបង្កើតស្នាដៃថ្មីៗបន្ថែមទៀត។
សកម្មភាពនៃការរៀបចំពិព័រណ៍សៀវភៅកម្ពុជា ឆ្នាំ២០២៤ «១៩-២២ ធ្នូ ២០២៤» មានដូចជា៖ – ការដាក់តាំងសៀវភៅដែលចូលរួមពី អ្នកនិពន្ធ គ្រឹះស្ថានបោះពុម្ពផ្សាយ និងបណ្ណាគារនានាក្នុងព្រះរាជាណាចក្រកម្ពុជា (សៀវភៅមួយចំនួននឹងដាក់លក់ក្នុងតម្លៃពិសេស) វេទិកាស្តីពីការបោះពុម្ពផ្សាយតាមប្រព័ន្ធអេឡិកត្រូនិក, ការធ្វើបទបង្ហាញនានាទាក់ទងទៅនឹងអក្សរសាស្ត្រ អក្សរសិល្ប៍ខ្មែរ និងវិទ្យាសាស្ត្រ ការនិពន្ធសៀវភៅទៅជាខ្សែភាពយន្ត និងការអភិវឌ្ឍជំនាញការអាន ការចួបពិភាក្សា និងការទទួលយកបទពិសោធពីអ្នកនិពន្ធល្បីៗ និងមានការចុះហត្ថលេខា ពីអ្នកនិពន្ធព្រមទាំងវិចិត្រករ, កម្មវិធីនិទានរឿង និងល្បែងសិក្សាសម្រាប់កុមារ, ការប្រគំតន្ត្រី និងសំណួរចម្លើយចាប់យករង្វាន់ផ្សេងៗ។
កម្មវិធីពិព័រណ៍សៀវភៅនេះ បាន ក្លាយជាព្រឹត្តិការណ៍វប្បធម៌មួយដ៏សំខាន់ក្នុងការផ្សព្វផ្សាយនិងជំរុញលើកទឹកចិត្តឱ្យប្រជាជនខ្មែរ មានទម្លាប់ក្នុងការអានសៀវភៅ និងស្គាល់ពីគុណតម្លៃនៃការអានដើម្បីអភិវឌ្ឍន៍ចំណេះដឹងនិងការងារ៕