ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅទីក្រុងមូស្គូ លោក Kazem Jalali បាននិយាយថា ប្រទេសលោកខាងលិច ដែលតែងតែនិយាយអំពីសិទ្ធិមនុស្ស មិនបានថ្កោលទោសអ៊ីស្រាអែលចំពោះ “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” ដែលប្រទេសនេះកំពុងប្រព្រឹត្តនៅតំបន់ហ្គាហ្សាស្ទ្រីបនោះទេ។

អ្នកការទូតរូបនេះ បានចង្អុលបង្ហាញថា យើងដឹងថាអ៊ីស្រាអែល មិនអាចធ្វើសង្រ្គាមដោយខ្លួនឯងបានទេ គឺត្រូវការជំនួយពីមហាអំណាចផ្សេងទៀត។ លោក Jalali បាននិយាយថា នេះគឺជាសង្គ្រាមប្រូកស៊ី ហើយអ៊ីស្រាអែលកំពុងប្រយុទ្ធក្នុងនាមឱ្យលោកខាងលិច ព្រោះប្លុកនេះ ពុំដែលខ្វល់ និងមិនថ្កោលទោសឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនោះទេ។
យោងតាមឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ បានលើកឡើងថា អ៊ីស្រាអែល កំពុងធ្វើសង្គ្រាមនៅតំបន់ហ្កាហ្សាប្រឆាំងនឹងប្រជាជនស្លូតត្រង់គ្មានទីពឹង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៣ មិថុនា អ៊ីស្រាអែល បានបើកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ តិចជាង ២៤ ម៉ោងក្រោយមក អ៊ីរ៉ង់បានសងសឹក។ ៩ ថ្ងៃក្រោយមក នៅព្រឹកថ្ងៃទី ២២ ខែមិថុនា យន្តហោះចម្បាំងអាមេរិក បានវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់នៅ Fordow, Natanz និង Isfahan ។ នៅល្ងាចបន្ទាប់ ទីក្រុងតេអេរ៉ង់ បានបើកការវាយប្រហារដោយមីស៊ីលទៅលើ Al Udeid ដែលជាមូលដ្ឋានទ័ពអាកាសដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ដែលមានទីតាំងនៅប្រទេសកាតា៕

ដោយ៖ ពេជ្រ