បន្ថែមកម្លាំងជំរុញ ដើម្បីឲ្យប្រជាជនចិនរស់នៅ Xizang ទទួលបានប្រយោជន៍កាន់តែច្រើន

១ កញ្ញា ឆ្នាំ២០២៥ ជាខួប៦០ឆ្នាំដែលតំបន់ខ្ពង់រាបដ៏ធំល្វឹងល្វើយមួយដោយលាតសន្ធឹងប្រមាណ១.០០០គីឡូម៉ែត្រពីភាគខាងជើងទៅភាគខាងត្បូង និង២៥០០គីឡូម៉ែត្រពីភាគខាងកើតទៅភាគខាងលិច ព្រមទាំងមានកម្ពស់ជាមធ្យមពី៤.៥០០ម៉ែត្រដែលពេលខ្លះត្រូវបានគេហៅថាជាដំបូលរបស់ពិភពលោក ត្រូវបានប្រកាសជាផ្លូវការថាជាភូមិភាគស្វយ័ត Xizang ហើយជាភូមិភាគស្វយ័តមួយក្នុងចំណោមភូមិភាគស្វយ័តទាំង៥របស់ប្រទេសចិន។ ក្នុងរយៈពេលជាង៦០ឆ្នាំមកនេះ ពិភពលោកបានឃើញយ៉ាងច្បាស់ថា Xizang បានប្រែក្លាយទាំងស្រុងពីតំបន់ធ្លាប់តែឯកោនិងពោរពេញដោយក្រីក្រ ទៅជាភូមិភាគស្វយ័តដែលមានភាពទំនើបដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងស្វាហាប់ សង្គមយ៉ាងរឹងមាំខ្លាំងក្លា ទទួលបានការអប់រំនិងថែទាំសុខភាពដោយឥតគិតថ្លៃ វប្បធម៌ត្រូវបានថែរក្សា សាសនាត្រូវបានគោរព បរិស្ថានត្រូវបានការពារ និងសុខដុមនីយកម្មត្រូវបានបង្កើតឡើងយ៉ាងច្បាស់។ ជាសក្ខីភាព សៀវភៅ«ស»ដែលបានចេញផ្សាយកាលខែមីនា ឆ្នាំ២០២៥ ស្តីពី «សិទ្ធិមនុស្សរបស់ភូមិភាគស្វយ័ត Xizang  ក្នុងយុគសម័យថ្មី» ដោយបញ្ជាក់យ៉ាងប្រត្យក្សថាគំនិតនៃសិទ្ធិមនុស្សគឺលើសពីឧត្តមគតិដ៏ខ្ពង់ខ្ពស់ ហើយវាគឺជាសច្ចភាពដែលឆ្លុះបញ្ចាំងនៅក្នុងបទពិសោធន៍និងអារម្មណ៍របស់ប្រជាជនចិនម្នាក់ៗដែលកំពុងរស់នៅក្នុងភូមិភាគស្វយ័ត Xizang  ទទួលបាននូវជីវិតដ៏សុខដុម ហើយស្តែងឡើងតាមរយៈមុខពោរពេញដោយស្នាមញញឹមរបស់ប្រជាជននៃពហុក្រុមជនជាតិភាគតិចទាំងអស់ និងជាការបង្ហាញពីអារម្មណ៍ដោយឥតលាក់លៀមពីការទទួលបាន ការបំពេញ និង សុវត្ថិភាពរបស់ប្រជាជនចិនក្រោមទម្រយ៉ាងរឹងមាំនៃសន្តិភាពនិងសន្តិសុខពេញបរិបូរណ៍។ បន្ថែមពីលើនេះ ភាសាXizangត្រូវបានប្រើក្នុងសាលារៀន និងឯកសារផ្លូវការ ហើយសាសនាព្រះពុទ្ធបែបXizangត្រូវបានថែរក្សាដោយព្រះសង្ឃមានសិទ្ធិបំពេញពិធីសាសនា និងចូលរួមក្នុងសង្គម។

១ កញ្ញា ឆ្នាំ២០២៥ ជាខួប៦០ឆ្នាំនៃការបង្កើតភូមិភាគស្វយ័ត Xizang  បានរំលេចពីវឌ្ឍនភាពនៃសេដ្ឋកិច្ចរបស់តំបន់នេះ តាមរយៈសូចនាករណ៍ក្នុងរយៈពេលប្រាំមួយទស្សវត្សរ៍កន្លងមកដ៏ភាពភ្ញាក់ផ្អើលសម្រាប់ប្រវត្តិសាស្រ្តមនុស្សជាតិ ហើយក៏ជាបើកទំព័រថ្មីចារបញ្ចូលទៅក្នុងមាគ៌ានៃទំនើបកម្មសង្គមនិយមតាមបែបផែនចិន ជាក់ស្តែងនៅក្នុងឆមាសទី១ នៃឆ្នាំ២០២៥ GDPរបស់ភូមិភាគស្វយ័ត Xizang  បានកើនឡើងគួរឱ្យកត់សម្គាល់រហូតដល់៧.២% ឬអាចនិយាយបានថាGDPរបស់ភូមិភាគស្វយ័ត Xizang  បានកើនឡើងគួរឱ្យភ្ញាក់ផ្អើលប្រមាណ១៥០ដងបើធៀបនឹងឆ្នាំ១៩៦៥។ វិបុលភាពសេដ្ឋកិច្ចនេះបានចាក់គ្រឹះសម្រាប់រួមចំណែកលុបបំបាត់ភាពក្រីក្រដែលជាសមិទ្ធផលប្រវត្តិសាស្ត្រដោយបានផ្តល់អត្ថប្រយោជន៍មហាសាលសម្រាប់ប្រជាជនចិនពហុជនជាតិរស់នៅក្នុងភូមិភាគស្វយ័ត Xizang  ។ សមិទ្ធផលមហាសាលទាំងនេះជាក្តីមោទនភាពរបស់ប្រជាជនXizang និងជាក្តីមោទនភាពរួមរបស់ប្រជាជនចិនទាំងមូល។ វាបង្ហាញថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់បក្សកុម្មុយនិស្តចិន និងការរួមចំណែកយ៉ាងពេញទំហឹងរបស់ប្រជាជនចិនទាំង៥៦ជនជាតិលើវិថីនៃការអភិវឌ្ឍប្រកបដោយសន្តិភាព និងសុខដុមនីយកម្មតាមទម្រង់នៃសង្គមនិយមតាមបែបផែនចិន។ សក្ខីកម្មទាំងនេះនឹងត្រូវបានលាតត្រដាងតាមរយៈបណ្តាញគមនាគមន៍ចម្រុះដូចជាផ្លូវរថភ្លើងល្បឿនលឿន Qinghai–Xizang  ដែលបានបើកដំណើរការតាំងពីឆ្នាំ២០០៦ដែលជារថភ្លើងល្បឿនលឿនលើផ្លូវដែកដែលមានកម្ពស់ខ្ពស់បំផុតលើពិភពលោក ផ្លូវល្បឿនលឿន ផ្លូវជាតិ អាកាសយានដ្ឋានជាច្រើន ដើម្បីធានាការដឹកជញ្ជូនទំនិញនិងមនុស្សបានរហ័ស ដែលនាំឱ្យជីវភាពរបស់ប្រជាជនចិនរស់នៅភូមិភាគស្វយ័តXizangកើនឡើងជាលំដាប់ ដែលមិនត្រឹមបង្កើតការភ្ជាប់យ៉ាងរឹងមាំរវាងភូមិភាគស្វយ័តXizangទៅនឹងតំបន់ផ្សេងទៀតក្នុងប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងជាច្រកសេដ្ឋកិច្ចដ៏សំខាន់នៃស្ពានមិត្តភាពដែលជាមរតកនៃផ្លូវសូត្របុរាណក្នុងការតភ្ជាប់ចិនជាមួយបណ្តាប្រទេសនៅអាស៊ីខាងត្បូង និងអាស៊ីកណ្តាលថែមទៀតផង។

១ កញ្ញា ឆ្នាំ២០២៥ ជាខួប៦០ឆ្នាំនៃការបង្កើតភូមិភាគស្វយ័ត Xizang  បានទទួលពរជ័យដោយផ្ទាល់ពីលោក Xi Jinping ប្រធានរដ្ឋចិនដោយលោកប្រធានរដ្ឋបានអញ្ជើញទៅបំពេញទស្សនកិច្ចនិងថ្លែងសុន្ទរកថាពោរពេញដោយកម្លាំងចិត្តខ្ពស់កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅចំពោះមុខកម្មាភិបាលនិងមហាជនគ្រប់ជនជាតិនិងគ្រប់មជ្ឈដ្ឋាននៃភូមិភាគស្វយ័ត Xizang  ចំនួនជិត២ម៉ឺននាក់បានជួបជុំគ្នាយ៉ាងសប្បាយរីករាយនៅទីលានខាងមុខវិមានពូតាឡាក្រុងឡាសាក្រោមម្លប់នៃសន្តិភាពវប្បធម៌ ដោយបានរំលេចថា សុភមង្គលរបស់ប្រជាជនចិនរស់នៅភូមិភាគស្វយ័តXizangគឺជាសិទ្ធិរបស់មនុស្សដ៏អស្ចារ្យបំផុត ហើយការអភិវឌ្ឍដ៏ខ្លាំងក្លានៅក្នុងភូមិភាគស្វយ័តXizangគឺជាគន្លឹះក្នុងការសម្រេចបាននូវសុភមង្គលរបស់ប្រជាជនចិនរស់នៅក្នុងភូមិភាគស្វយ័តXizangនិយាយដោយដោយឡែក ប្រជាជនចិនទាំងអស់និយាយរួម។ ពិព័រណ៍វប្បធម៌ទេសចរណ៍Xizangលើកទី៥គឺជាកាលានុវត្តភាពនិងជាវេទិកាផ្សព្វផ្សាយកាន់តែទូលំទូលាយនូវសម្លេងសុភមង្គលរបស់ប្រជាជនចិនរស់នៅភូមិភាគស្វយ័តXizangស្តីពីសន្តិភាពវប្បធម៌ឱ្យក្លាយជាគំរូភាពមួយនៃការចូលរួមជាមួយបណ្តាប្រជាជាតិទាំងអស់ក្នុងពិភពលោកដើម្បីសម្រេចបាននូវគោលដៅរួមគឺកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ស្របតាមប្រសាសន៍របស់លោក Xi Jinping ដែលបានគូសបញ្ជាក់ថា ភូមិភាគស្វយ័ត Xizang  ត្រូវតែអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវគោលនយោបាយនិងយុទ្ធសាស្ត្ររបស់បក្សក្នុងយុគសម័យថ្មី ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងខិតខំប្រឹងប្រែងកសាងភូមិភាគស្វយ័ត Xizang  ថ្មីនៃបែបសង្គមនិយមទំនើបដែលប្រកបដោយសាមគ្គីភាព វិបុលភាព អរិយធម៌ ចុះសម្រុងគ្នានិងស្រស់ស្អាត។ ទន្លេ Yarlung Zangbo ដែលហូរត្របាញ់នឹងបន្តធ្វើជាសាក្សីថា ឈរយ៉ាងរឹងមាំក្នុងរយៈពេល២០ឆ្នាំជាមួយទស្សនៈ«ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» ភូមិភាគស្វយ័តXizangបានក្លាយជាគោលដៅទេសចរណ៍ពិភពលោក ដោយក្នុងមួយឆ្នាំទទួលភ្ញៀវជាច្រើនលាននាក់ ដែលនាំមកនូវចំណូលដល់សេដ្ឋកិច្ចក្នុងតំបន់ ជាក់ស្តែងនៅឆ្នាំ២០២៤ ភូមិភាគស្វយ័ត Xizang  បានទទួលភ្ញៀវទេសចរប្រមាណ៦៤លាននាក់ បានកើនឡើង ១៦%បើធៀបនឹងឆ្នាំ២០២៣។

ជារួម រយៈពេល៦០ឆ្នាំកន្លងមកនេះ គោលការណ៍ «រួមរស់ រួមចែក» បានក្លាយជាមូលដ្ឋានសម្រាប់សុខដុមនីយកម្មជាតិនៅក្នុងភូមិភាគស្វយ័ត Xizang  ក្រោមទម្រនៃត្រីវិស័យប្រកបដោយចក្ខុវិស័យត្រឹមត្រូវច្បាស់លាស់របស់បក្សកុម្មុយនិស្តចិន រួមមានស្ថិរភាព ការអភិវឌ្ឍ អេកូឡូស៊ី និង ពង្រឹងការកសាងតំបន់ព្រំដែន ដើម្បីដឹកនាំភូមិភាគស្វយ័តទីបេតិ៍ដែលមិនត្រឹមមានភូមិសាស្រ្តជាដំបូលរបស់ផែនដីប៉ុណ្ណោះទេ ថែមទាំងជារមនីយដ្ឋានទេសចរណ៍បៃតងភាព ថាមពលស្អាត ពហុភាពនៃជំនឿ-សាសនា-ជនជាតិរួមគ្នាបង្កើតជាឧទ្យានវប្បធម៌ ដែលបម្រើដល់សុខដុមនីយកម្មរបស់ប្រជាជាតិចិន ពន្លាតកំណើនទេសចរបរទេសកាន់តែច្រើនមកសាទរ ផ្តល់គំរូភាពបទពិសោធន៍ដល់កិច្ចកសាងសហគមន៍ជោគវាសនារួមមនុស្សជាតិ ផ្តល់ពន្លឺក្តីសង្ឃឹមដល់មហាដំណើរឆ្ពោះទៅសម្រេចបាននូវការស្តារភាពអស្ចារ្យឡើងវិញរបស់ប្រជាជាតិចិន៕ ដោយបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

Written by 

Related posts

Leave a Comment