ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានយកឈ្នះក្រុមម្ចាស់ផ្ទះ Shan United របស់មីយ៉ាន់ម៉ា ៣-០ ក្នុងជំនួបបើកឆាកពូលB នៃការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ASEAN Club Championship Shopee Cup 2025/26 កាលពីយប់មិញ នៅពហុកីឡដ្ឋាន Thuwanna នាទីក្រុងយ៉ាំងហ្គូន។
៣គ្រាប់របស់ក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ មិន រតនៈ នៅនាទី១១ កីឡាករ Patrick Robson នៅនាទី៤៥+៥ និងកីឡាករ Peprah Kwame នៅនាទី៥៣ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង។
ជ័យជម្នះនេះដែរ នាំឲ្យក្រុមព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាងពូលB ជាបណ្ដោះអាសន្ន ដោយរកបាន ៣ពិន្ទុ ស្មើក្រុមម៉ាឡេស៊ី Johor Darul Ta’zim FC ដែលបានយកឈ្នះ ៣-១ លើក្រុម Lion City Sailors FC របស់សិង្ហបុរី នៅល្ងាចថ្ងៃពុធនេះ។
ចំណែកការប្រកួតបន្ទាប់ ព្រះខ័នរាជស្វាយរៀង បន្ដភារកិច្ចប្រកួតក្រៅដី ដោយត្រូវជួបក្រុម Nam Dinh របស់វៀតណាម ថ្ងៃទី២៥ ខែកញ្ញា មុនបើកទ្វារផ្ទះទទួលក្រុមភ្ញៀវ ដែលជាក្លិបធំៗក្នុងពូល ២ប្រកួតជាប់គ្នា ដោយត្រូវជួបក្រុមខ្លាំង Johor Darul Ta’zim FC នាថ្ងៃទី៤-ធ្នូ និងជួបក្រុម Bangkok United របស់ថៃ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ មុនជំនួបបញ្ចប់ពូលB ជាមួយក្រុមម្ចាស់ផ្ទះ Lion City Sailors FC នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ៕
