សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរខួបលើកទី៨០ឆ្នាំ នៃទិវាឯករាជ្យរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម

នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥នេះ ស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា បានរៀបចំពិធីអបអរសាទរខួបលើកទី៨០ឆ្នាំទិវាឯករាជ្យ​របស់វៀត​ណាម (២ កញ្ញា ១៩៤៥-២/កញ្ញា ២០២៥)។

ពិធីនេះទទួលបានការផ្តល់កិត្តិយសអញ្ជើញ​ចូល​រួមយ៉ាងខ្ពង់ខ្ពស់ដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ជាថ្ងៃដ៏មហោឡារិកនៃការទទួលបានឯករាជ្យរបស់ប្រជា​ជាតិ​វៀតណាម ហើយក៏ជាថ្ងៃបង្កើតឡើងសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលសព្វថ្ងៃ គឺសាធារណរដ្ឋសង្គមនិយមវៀតណាម។ ថ្នាក់ដឹកនាំ និងប្រជាជន​វៀត​ណាម តែងបានប្រារព្ធពិធីអបអរសាទរថ្ងៃឯករាជ្យរបស់ខ្លួនយ៉ាងកងរំពងជារៀង​រាល់​ឆ្នាំនាថ្ងៃទី២ ខែកញ្ញា។

ក្នុងពិធីអបអរសាទរនាល្ងាចថ្ងៃនេះ ឯកឧត្តម ង្វៀន មីញ វ៉ូ ឯកអគ្គរដ្ឋទូតវៀតណាម​ប្រចាំ​នៅកម្ពុជា បានចាត់ទុកការអញ្ជើញចូលរួមជាកិត្តិយសរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំកម្ពុជាដទៃទៀត គឺជាសក្ខីភាពដ៏រឹងមាំនៃចំណងសាមគ្គីភាព មិត្ត​ភាព​ជាប្រពៃណី និងក្តីស្រលាញ់ដ៏ជ្រាលជ្រៅចំពោះប្រជាជនវៀតណាម។

នាឱកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គ្រាដែលទិវា​ឯករាជ្យ​ថៃ្ង​ទី២ ខែកញ្ញា ជិតមក​ដល់​​ប្រជាជនវៀតណាម ​មាន​អា​រម្មណ៍​រីករាយនៃការរំឭកព្រឹត្តិការណ៍ដ៏សំខាន់នេះ និង​ការចងចាំអំពីវីរភាព​ក្លា​ហាន​របស់យុទ្ធជន ដែលបានតស៊ូប្រយុទ្ធដើម្បីបុព្វហេតុ​យុត្តិ​ធម៌។ ទឹកចិត្តស្នេហាជាតិ និង​ពលីកម្មរបស់ពួកគេ ដើម្បីឆ្ពោះទៅទទួលបាន​សិទ្ធិ​ស្វ័យសម្រេច តែងតែត្រូវបាន​ចង​ចាំ និងដឹងគុណជានិច្ច។ ទិវាឯករាជ្យ គឺជាថ្ងៃចាប់​ផ្តើម​នៃយុគសម័យថ្មី ដែលកំណត់​ដោយភាពធន់, ការរួបរួម និងក្តីសង្ឃឹម។

សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចផងដែរថា ថ្ងៃឯករាជ្យជាតិរបស់វៀតណាម កាលពី៨០​ឆ្នាំ​មុន មិនគ្រាន់តែសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែ គឺជា​កម្លាំង​ជំរុញសម្រាប់​បណ្តាប្រជាជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំងកម្ពុជាផងដែរ ងើបឈរ ឡើងតស៊ូដើម្បីឯករាជ្យពីអាណានិគមនិយម។

សម្តេចតេជោ បានសម្តែងការអបអរសាទរចំពោះមិត្តវៀតណាម ដែលបានធ្វើដំណើរ​យ៉ាង​ស្វា​ហាប់ក្នុង​ការ​អភិ​វឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសការទទួលបានកំណើន សេដ្ឋ​កិច្ចជាង៧ភាគរយ ក្នុងឆ្នាំ២០២៤។ សម្ដេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញ​ជឿ​ជាក់​ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់​បក្សកុម្មុយនីស្តវៀត​ណាម ដែលមានឯកឧត្តម តូ ឡឹម អគ្គលេខាធិការជាប្រមុខ​ដឹក​នាំរដ្ឋាភិបាល និងប្រជា​ជន​​វៀតណាម នឹងសម្រេចបានទិសដៅសហ​ស្សវត្សរ៍​ចំនួន​ពីរ៖

ទី១៖ ជាប្រទេសកំពុងអភិវឌ្ឍ ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៣០ ក្នុងឱកាសខួប ១០០ឆ្នាំ នៃការបង្កើតបក្ស​កុម្មុយ​នីស្ត​វៀតណាម

ទី២៖ ជាប្រទេសសង្គមនិយម ដែលមានការអភិវឌ្ឍ និងមានប្រាក់ចំណូល​កម្រិត​ខ្ពស់ នៅឆ្នាំ២០៤៥ ស្របពេលខួបលើកទី១០០ នៃការបង្កើតសាធារណរដ្ឋប្រជា​ធិបតេយ្យ​វៀតណាម ក៏ដូចជាការលើកស្ទួយកិត្យានុភាព និង តួនាទីរបស់វៀតណាមនៅ​លើឆាក​តំបន់ និងអន្តរជាតិ៕

Written by 

Related posts

Leave a Comment