អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអង្គារម្សិលមិញបានអំពាវនាវដោយជំរុញឱ្យមានសកម្មភាពជាសកលកាន់តែខ្លាំងឡើងដើម្បីការពារបុគ្គលិកមនុស្សធម៌។ លោកក៏បានព្រមានថា ជំនួយសង្គ្រោះជីវិតកំពុងស្ថិតនៅក្រោមការគំរាមកំហែងកាន់តែខ្លាំងឡើង នៅពេលដែលការវាយប្រហារលើបុគ្គលិកជំនួយឈានដល់កម្រិតកំណត់ត្រាមួយកួរឲ្យកត់សម្គាល់។

នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូដែលប្រារព្ធទិវាមនុស្សធម៌ពិភពលោក លោក Guterres បាននិយាយថា បុគ្គលិកមនុស្សធម៌គឺជា “ខ្សែជីវិតចុងក្រោយសម្រាប់មនុស្សជាង ៣០០ លាននាក់ ដែលជាប់នៅក្នុងជម្លោះ ឬគ្រោះមហន្តរាយ”។ ប៉ុន្តែពួកគេប្រឈមមុខនឹងគ្រោះថ្នាក់កាន់តែច្រើន និងកាត់បន្ថយធនធាន។
លោកបានលើកទ្បើងថា កាលពីឆ្នាំមុន យ៉ាងហោចណាស់បុគ្គលិកជំនួយចំនួន ៣៩០ នាក់ ដែលជាកំណត់ត្រាខ្ពស់ត្រូវបានសម្លាប់នៅទូទាំងពិភពលោក”។ លោកបានសង្កត់ធ្ងន់អំពីអំពើហិង្សានៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ស៊ូដង់ មីយ៉ាន់ម៉ា និងតំបន់ជម្លោះផ្សេងទៀត។
លោកថា ច្បាប់អន្តរជាតិមានភាពច្បាស់លាស់ និងជាប់កាតព្វកិច្ច ហើយមនុស្សធម៌ត្រូវតែត្រូវបានគោរព និងការពារ។ ពួកគេមិនអាចត្រូវបានគេកំណត់គោលដៅនោះឡើយ។

ទោះបីជារដ្ឋាភិបាលសន្យាចាត់វិធានការ និងក្រុមប្រឹក្សាសន្តិសុខគូសបញ្ជាក់ពីវិធានការដើម្បីការពារបុគ្គលិកជំនួយក៏ដោយ លោក Guterres បានសង្កត់ធ្ងន់ថា “បន្ទាត់ក្រហមត្រូវបានឆ្លងកាត់ដោយនិទណ្ឌភាព” ហើយអ្វីដែលបាត់គឺ “ ឆន្ទៈនយោបាយ និងភាពក្លាហានខាងសីលធម៌”។
លោកក៏បានជំរុញឲ្យរដ្ឋនានាវិនិយោគលើសុវត្ថិភាពបុគ្គលិកជំនួយ បញ្ឈប់លំហូរអាវុធដល់ភាគីដែលបំពានច្បាប់អន្តរជាតិ ពង្រឹងគណនេយ្យភាព និងនាំជនល្មើសមកកាត់ទោស។ លោក Guterres ក៏បានបញ្ជាក់ដែរថា ការវាយប្រហារលើមនុស្សធម៌ គឺជាការវាយប្រហារលើមនុស្សជាតិទាំងមូល៕

ដោយ៖ ពេជ្រ