នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានដឹកនាំប្រតិភូអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលបានភៀសសឹកពីតំបន់ព្រំដែនកម្ពុជា-ថៃ ទិសប្រាសាទព្រះវិហារ មកតាំងទីលំនៅបណ្តោះអាសន្ននៅ ១. វត្តពោធិ៍៥ពាន់ដើម ២. វត្តសុវណ្ណរស្មីភ្នំត្បែង ហៅវត្តត្រាវគៀត ៣. វត្តសំវរ:សីលា ហៅវត្តបាក់កាំ ៤. វត្តគីឡូលខេ៨ ហៅវត្តពោធិ៍សិលារាម ក្នុងខេត្តព្រះវិហារ។
ជាមួយគ្នានោះលោកជំទាវបណ្ឌិតសភាចារ្យ ក៏បានសម្តែងនូវមរណៈទុក្ខដ៏ក្រៀមក្រំ និងសោកសង្រេងជាទីបំផុតចំពោះវីរៈកងទ័ពកម្ពុជា ដែលបានពលី ពិការ និងរបួស នៅក្នុងសង្រ្គាមឈ្លានពានរបស់កងទ័ពថៃ មកលើកម្ពុជាកាលពីពេលកន្លងទៅថ្មីៗនេះ។ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានចាត់ទុកថា ការលះបង់សាច់ស្រស់ ឈាមស្រស់របស់កងទ័ពកម្ពុជា នាពេលនេះ ជាការចងចាំពុំភ្លេច និងដិតជាប់ដួងចិត្តរបស់ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាជារៀងរហូតតទៅ និងសូមឱ្យដួងវិញ្ញាណក្ខន្ធវីរៈកងទ័ពកម្ពុជាដែលបានពលី សូមបានទៅកាន់ឋានស្ងប់សុខ៕






