អត្ថបទទស្សន៖ “ ថៃបាត់ម្ចាស់ការក្នុងសមរភូមិ ប្រើស្នៀតបង្កើតព័ត៌មានក្លែងក្លាយ និង Hack បណ្ដាញព័ត៌មានកម្ពុជាធ្វើជាអាវុធ តែនៅតែបរាជ័យ!”

បន្ទាប់ពីថៃបើកការវាយប្រហារមកលើកម្ពុជាទាំងវាយតម្លៃស្ថានការណ៍ខុសផ្នែកនយោបាយនិងយុទ្ធសាស្ត្រ បណ្ដាលឱ្យថៃបរាជ័យយ៉ាងដំណំ ក្រោយពីកម្ពុជាប្រើសិទ្ធិការពារខ្លួន។ ទន្ទឹមនេះ ពលទាហាន មេទាហាន និងថ្នាក់ដឹកនាំនយោបាយថៃ កំពុងក្រពល់មុខ វិលក្បុង ទាល់គំនិត ទល់ពុទ្ធោ ទាំងការបង់ចាញ់តំបន់យុទ្ធសាស្ត្រនានា និងការវាយមិនបែកយុទ្ធសាស្ត្រកម្ពុជាគ្រប់តំបន់។

 ស្នៀតចុងក្រោយដែលត្រូវប្រើដើម្បីបំភាន់សាធារណមតិក្នុងស្រុកខ្លួន អន្តរជាតិ និងបំបាក់ទឹកចិត្តកងទ័ពជាញជ័យរបស់កម្ពុជា គឺការបង្កើតក្រុមផលិតព័ត៌មានក្លែងក្លាយ ប្រឌិតមួលបង្កាច់ស្ថានការណ៍ រួចបាញ់ស្រោចចេញតាមសារព័ត៌មានរបស់ខ្លួន កងទ័ពអនឡាញរបស់ខ្លួន និងជួលសារព័ត៌មានបរទេស ព្រមទាំងតារាបណ្ដាញសង្គមបរទេសល្បីៗ (Influencer)។ តែអស់ក្បាច់ បរទេសមិនជឿអស់ទំនុកចិត្ត ពលទាហានខ្លួនមិនជឿអស់សង្ឃឹមមិនគាំទ្រ ប្រជាជនខ្លួនអស់ជឿ ប្រជាពលរដ្ឋខ្មែរមិនជឿ ជាពិសេស កងទ័ពជាញជ័យរបស់កម្ពុជា មិនយកភ្នែកមើល ថៃចាប់ផ្ដើមបញ្ជាក្រុមHackerខ្លួន និងជួល Hacker បរទេស វាយលុក Hack បណ្ដាញព័ត៌មានកម្ពុជា និងបុគ្គលល្បីៗកម្ពុជា រួចបញ្ចេញព័ត៌មានខុសពីការពិត ដែលប្រជាជនកម្ពុជា កងទ័ពជាញជ័យកម្ពុជា យល់បកត្រឡប់វិញថា បើការផ្សាយរបស់ថៃ«ថាឈ្នះ ប្រែមកថាថៃចាញ់។ បើផ្សាយថា កាន់កាប់តំបន់នេះតំបន់នោះរបស់កម្ពុជា ប្រែមកថា ថៃបាត់បង់ និងវាយមិនបែក…»។ ជាពិសេស យប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ មុនកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅវេលាម៉ោង២ទាបភ្លឺថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ម៉ោងនៅកម្ពុជា។ ជារួម អន្តរជាតិ ប្រជាជនខ្លួន ពលទាហានខ្លួន ប្រជាពលរដ្ឋកម្ពុជា កងទ័ពជាញជ័យកម្ពុជា ដឹងក្បាច់ថៃហ្មត់ដូចកន្ទួក។

 និយាយអំពីលទ្ធផល កម្ពុជាកាន់កាប់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី តំបន់មុំបី ដោយការពារយ៉ាងរឹងមាំពីការវាយដណ្ដើមវិញ និងការពារបានទាំងតំបន់យុទ្ធសាស្ត្រផ្សេងៗទៀតបានយ៉ាងអង់អាចជាញជ័យ ទាំងថៃងងឹតងងុលខំវាយបំបែកយុទ្ធសាស្ត្រកម្ពុជា តែមិនបែក ដែលកាន់តែបានធ្វើឱ្យកងទ័ពថៃ បាក់ទ័ពរត់ចោលគោលដៅ រត់ចោលជួរ ខ្ចាតខ្ចាយ បាក់ទឹកចិត្តប្រយុទ្ធ ពោលគឺ បាត់បង់ម្ចាស់ការ ជាពិសេសបណ្ដាមេទ័ពៗថៃ ថ្នាក់ដឹកនាំនយោបាយថៃល្មោបសង្គ្រាម វិលវល់ព្រលឹងវិញ្ញាណដូចខ្មោចទើបស្លាប់ មិនទាន់ធ្វើបុណ្យ៧ថ្ងៃ រកគិតអ្វីមិនចេញកម្រោលចូល ចេះតែពង្រីកការវាយប្រហារឈ្លានពានកម្ពុជាបំពានច្បាប់អន្តរជាតិ។ លើសពីនេះ ការបង់ចាញ់នេះ ធ្វើឱ្យផ្ទៃក្នុងថៃគ្មានជំហរហ្នឹងហ្នរឯកភាពគ្នា ម្ដងថា ព្រមឈប់បាញ់ ម្ដងថាមិនឈប់ នាយករដ្ឋមន្ត្រីស្ដីទីនិយាយថា សុំសន្ទនាការទូតបន្ថយភាពតានតឹង តែអ្នកនាំពាក្យក្រសួងការបរទេស ថាមិនទទួលយកការសម្របសម្រួលពីអាម៉េរិក ចិន និងបណ្ដាប្រទេសផ្សេងៗ ពិសេសមិនស្ដាប់ប្រធានអាស៊ាន…។ ឥរិយាបថនេះ កាន់តែមហាអំណាច និងបណ្ដាប្រទេសលើលោកកត់ត្រាកាន់តែច្បាស់ជាងថ្ងៃ។

ការបង់ចាញ់នេះដែរ   ពលទាហាន មេទាហានតាមតំបន់ផ្សេងៗ រួញរាគ្មានទឹកចិត្តដឹកនាំបញ្ជា គ្មានអារម្មណ៍ គ្មានព្រលឹងក្នុងខ្លួនសូម្បីបន្តិច ក្នុងការប្រយុទ្ធ ចេះតែមួយមុខគត់ គឺផ្លោងទាំងញញីញញ័រ ឱ្យតែចេញ និងផ្ទុះគ្រាប់ពាសវាលពាលកាល តាមរបៀបបាញ់ព្រាវ បាញ់រះចោល ដើម្បីបង្ហាញថ្នាក់លើយករួចខ្លួនមួយគ្រាៗ ដែលគោលដៅជាច្រើនបែរជាធ្លាក់គ្រាប់ឬផ្ទុះគ្រាប់ខ្ទេចទីតាំងខ្លួនឯងទៅវិញ។ កាន់តែហួសចិត្តជាងនេះ ថៃប្រើយន្តហោះចំបាំង F16 រំលោភកិច្ចសន្យាទិញពីអាម៉េរិក ប្រើគ្រាប់បែកចង្កោមដែលពិភពប្រឆាំងនិងហាមប្រាម ថៃវាយប្រហារលើគោលដៅស៊ីវិល គឺភូមិឋានប្រជាពលរដ្ឋ វត្តអារាម តំបន់វប្បធម៌ ល្មើសនឹងច្បាប់សង្គ្រាម ច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងចេញតេនាទុច្ចរិតដាក់បន្ទុកឱ្យកម្ពុជាពន់រែក ដើម្បីហែកកម្លាំង ហែកអារម្មណ៍ តែខុសពីការគិតរបស់ខ្លួន កម្ពុជាបានរៀបចំផែនការគាំពារប្រជាពលរដ្ឋភៀសសឹកតាំងពីដើម ដែល ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  ក្រោមមគ្គុទេសន៍ដ៏អង់អាចស្វាហាប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញគោលការណ៍ដល់រដ្ឋបាលខេត្ត និងភាគីពាក់ព័ន្ធ តួអង្គទាំងនេះ បានរៀបចំផែនការជាក់លាក់ទុកជាមុន និងម្ចាស់ការទទួលខុសត្រូវ មិនឱ្យថ្នាក់ដឹកនាំឈឺក្បាល បែកអារម្មណ៍ ពីការបញ្ជាដឹកនាំយុទ្ធសាស្ត្រប្រយុទ្ធដែលបានត្រៀមទទួលថៃជាស្រេចហើយនោះទេ។

មកដល់ត្រង់នេះ ខ្ញុំសូមរំលឹកថៃយកតែបុណ្យអំពីសារ សម្ដេចពុក តេជោសែន «ទប់ទល់គឺវាយលុក វាយលុកគឺទប់ទល់ និង មិនត្រឹមតែការពារទេ គឺវាយបក»។ សូមចង់ចាំ! ជារួម កម្ពុជាឈ្នះទាំងសមរភូមិប្រដាប់អាវុធ សមរភូមិការទូត សមរភូមិច្បាប់ សមរភូមិព័ត៌មាន និងសមរភូមិបច្ចេកវិទ្យា។ ថៃត្រូវពិភពលោក មូលវិចារណ៍ថា ជាប្រទេសមានផែនការ និងកំពុងឈ្លានពានកម្ពុជា ដូចដែល សម្ដីអ្នកនយោបាយខ្លួនតែងប្រកាសក្ដែងៗថា វាយយកខេត្តនេះខេត្តនោះ ៣ម៉ោងវាយដល់ភ្នំពេញ ៣ថ្ងៃរៀបរយរត់ដល់ភ្នំពេញ តែច្រាសមកវិញ «៣ម៉ោង ៣ថ្ងៃរត់ពេញភ្នំ»។ សម្ដីអ្នកនាំពាក្យក្រសួងការបរទេសថៃ ទាត់ចោលការចូលសម្របសម្រួលពីអាម៉េរិក ចិន…តើតម្លៃគេនៅឯណា? និងសាររបស់ថាក់ស៊ីនក្នុងចរិតប្រើប្រាស់សង្គ្រាមដើម្បីប្រដៅហ៊ុនសែន ព្រមទាំងការផ្សព្វផ្សាយចំហអំពីផែនការសង្គ្រាម«ចក្រពង្សភូវនាថ»ជាដើម។ នេះជាតឹកតាង ថាថៃគ្រវែងចោលសន្តិភាព ចាប់យកសង្គ្រាម មិនខ្វល់ពីមហាអំណាច បណ្ដាប្រទេសនានា ដែលចង់សម្របសម្រួល និងឱ្យបន្ថយកំដៅងាកទៅរកសន្តិវិធី។ តើថៃចង់ធ្វើបងធំនៅអាស៊ាន អាស៊ី និងពិភពលោក? ចំណែកកម្ពុជាវិញ ត្រូវបានពិភពលោកដាក់ពិន្ទុជារដ្ឋស៊ីវិល័យតាមគន្លឹងច្បាប់អន្តរជាតិ ថ្លៃថ្នូរ កេរ្តិ៍ឈ្មោះស្អាតស្អំ ស្ដាប់និងសហប្រតិបត្តិការល្អជាមួយបណ្ដាប្រទេសជាមិត្តទាំងអស់៕  “ ដកស្រង់ពីផេកផ្លូវការរបស់លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ”

Written by 

Related posts

Leave a Comment