ភ្នំពេញ ៖ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នារសៀលម្សិលមិញលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោក Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើប្រធានបទមួយចំនួន រួមមាន៖ ការជំរុញពាណិជ្ជកម្មទ្វេភាគី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយក្រសួងពាណិជ្ជកម្ម ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដូចជា កិច្ចព្រមព្រៀងអាសិប កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ ព្រមទាំងការរៀបចំដំណើរទស្សនកិច្ចពិសេសរបស់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ជាដើម ក្នុងគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-អូស្ត្រាលី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕